ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា - BNP

Breaking

Thursday, March 10, 2022

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា "ក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះដើម្បីចីរភាពនាបេលអនាគត" ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ នួម សោភ័ណ សមាជិករដ្ឋសភា ឯកឧត្ដមខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ នឹងមានចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារជានារី បានចូលរួមធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃនៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូរពាក់ព័ន្ធ​បន្តអនុវត្តវិធានការ គោលនយោបាយ កម្មវិធី និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងការចូលរួមស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមម្លប់សន្តិភាព និងការលើកកម្ពស់វប្បធម៌ អហិង្សា ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍន ភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។ ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការងារបញ្ច្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យក្នុងការធានាចីរភាព នៃសន្តិភាព និងអភិវឌ្ឍដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា បើគ្មានសន្តិភាព យើងមិនអាចធ្វើការជួបជុំគ្នា និងមិនមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះដែរ។ ហើយសិទ្ធិ និងតម្លៃ នៃសន្តិភាពធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនោះយើងត្រូវតែបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្ស។ 


ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ស្ត្រីក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជាការបិទខ្ទប់ ការចុះចែកស្បៀងសម្តេចតេជោ ក្នុងតំបន់បិទខ្ទប់ ការជួយសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ សកម្មភាពដាំដើមឈើនៅព្រៃលិចទឹកថ្មីៗនេះជាដើម។ 


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ត្រីក្នុងខេត្តដែលបានចូលរួមគ្រប់សកម្មភាពធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងខេត្ត និងសូមជូនពរឱ្យនារីរបស់យើងមានសុខភាពល្អ ឈ្នះជំងឺដ៏កាចសាហាវ ជាពិសេសជំងឺកូវីដ-១៩អស់គ្នា។ 


ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានជូនកន្ត្រក់ផ្កាជូនលោកជំទាវគណៈអធិបតីលោកជំទាវ លោកស្រី ភរិយាថ្នាក់ដឹកនាំ មន្ទីរ អង្គភាពក៏បានឧបត្ថម្ភថវិកាជូននារីបម្រើការងារក្នុងសាលាខេត្តទាំងចំនួន៩២នាក់ ក្នុងម្នាក់ៗទួលបានថវិកា ១០ម៉ឺនរៀល៕











 

No comments:

Post a Comment

Pages