រដ្ឋបាលខេត្តបាត់ដំបង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ - BNP

Breaking

Thursday, March 10, 2022

រដ្ឋបាលខេត្តបាត់ដំបង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

នាថ្ងៃពុធទី០៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង។


ក្នុងសន្និបាតបូកសរុបនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ វរសេនីយ៍ ក្នុងអង្គភាពប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកវិទ្យាស្ថាន ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក កងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ តំណាងដៃគូអភិវឌ្ឍន៍ សមាគម អង្គការសង្គមស៊ីវិល។ 


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញមានសុន្ទរកថាបើកអង្គសន្និបាត ព្រមទាំងលើកឡើងពីស្ថានភាពរួមក្នុងកិច្ចការងារដែលបានអនុវត្តកន្លងមក និងដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល ដែលស្ថាប័ន អង្គភាពសម្រេចបានក្នុងឆ្នាំ២០២១ កន្លងមក និង រួមគ្នារកដំណោះស្រាយ រាល់បញ្ហាប្រឈមដែលកើតមានឡើងនៅក្នុងការបំពេញភារកិច្ច និងពិនិត្យបំពេញបន្ថែម កែលម្អនូវចំណុចខ្វះខាត សម្រាប់ធានាក្នុងការអនុវត្តការងារក្នុងឆ្នាំ២០២២ ឱ្យកាន់តែមានភាពប្រសើរ និងប្រសិទ្ធភាពជាងមុន។


លោកស្រី កែវ ដាណា អភិបាករង នៃគណៈអភិបាលខេត្ត បានធ្វើបទបង្ហាញស្តីពីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ដែលឆ្លុះបញ្ចាំងពីសកម្មភាព ការងារដែលរដ្ឋបាលខេត្ត បានអនុវត្តកន្លងមក។ 


ឯកឧត្តម សុខ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានតអញ្ជើញបន្តដឹកនាំបទអន្តរាគមន៍ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការអនុវត្តការងារកន្លងមក និងការជួបនូវបញ្ហាប្រឈម នឹងដើម្បីរកដំណោះស្រាយសម្រាប់អនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត ដែលមានប្រធានបទ និងការដឹកនាំដូចខាងក្រោម។


-បទអន្ដរាគមន៍លើប្រធានបទ “ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ” ឧទ្ទេសនាមដោយ លោក ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្ត 

-បទអន្ដរាគមន៍លើប្រធានបទ “ការគ្រប់គ្រងដែនការពារអភិរក្ស (ដែនគោក និងដែនទឹក) និងការងារគ្រប់គ្រងដីរបស់រដ្ឋ” ឧទ្ទេសនាមដោយ លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត

បទអន្ដរាគមន៍លើប្រធានបទ “ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ” ឧទ្ទេសនាមដោយ លោក តេង គឹមស៊ាន នាយករងរដ្ឋបាលសាលាខេត្ត

-បទអន្ដរាគមន៍លើប្រធានបទ “វឌ្ឍនភាព នៃការរៀបចំសណ្តាប់ធ្នាប់ សាធារណៈនៅតាម ទីប្រជុំជនក្រុង ស្រុក” ឧទ្ទេសនាមដោយ លោក ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្ត

-បទអន្ដរាគមន៍លើប្រធានបទ “ការផ្តល់សេវារដ្ឋបាល និងការងារស្ថិតិ-អត្រានុកូលដ្ឋាន” ឧទ្ទេសនាមដោយ លោក ជា សំហុន ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត។ 


សូមបញ្ជាក់ផងដែរថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបងនេះ គឺមានរយៈពេល ១ថ្ងៃកន្លះគឺចាប់ពីថ្ងៃទី ០៩ដល់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ៕








 

No comments:

Post a Comment

Pages