(ខេត្តកំពង់ចាម)៖ ក្នុងកម្មវិធីប្រជុំបូកសរុបការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីនៃមន្ទីរសាធារណការ បន្តពង្រឹងការស្ថាបនា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយកត្តាការប្រើប្រាស់ផ្លូវថ្នល់។
ឯកឧត្តម អ៊ុន ចាន់ដា បានវាយតម្លៃខ្ពស់លើលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នាឆ្នាំ២០២១ កន្លងមក។ ប៉ុន្តែយ៉ាងណាក៏ដោយ ជាគោលដៅបន្តក្នុងឆ្នាំ ២០២២នេះ ឯកឧត្តម អភិបាលខេត្ត បានជំរុញឲ្យបន្តពង្រឹងការងារស្ថាបនា ស្តារ ជួសជុល ពង្រីក និងថែទាំប្រចាំ ផ្លូវ ស្ពាន លូ ប្រកបដោយគុណភាព សំណង់ សោភណ្ឌភាពសំណង់ និងសុវត្ថិភាពសំណង់ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ ដែលបង្កដោយកត្តាអ្នកប្រើប្រាស់ផ្លូវ និងកត្តាផ្លូវថ្នល់។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា មន្ត្រីជំនាញត្រូវបន្តការងារជួសជុល ឬអ៊ុតឡើងវិញ ឬដាក់ថ្មី នូវបរិក្ខាចរាចរណ៍ដូចជា គំនូសសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បង្គោលសុវត្ថិភាព និងបង្គោលគីឡូម៉ែត្រ កែប្រែផ្លូវក្រាលកម្រាលដីគ្រប់ប្រភេទ ឲ្យទៅជាផ្លូវក្រាលកម្រាលកៅស៊ូគ្រប់ប្រភេទ ឬផ្លូវក្រាល កម្រាលបេតុងសរសៃដែក ពង្រីកទទឹងផ្លូវ និងស្ពាន ទៅតាមស្តង់ដាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើបណ្តាញផ្លូវ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ម្យ៉ាងទៀត សម្រាប់ឆ្នាំ២០២២ ត្រូវចាត់វិធានការចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទ (ដឹកដី ខ្សាច់ អុស ថ្ម ក្រួស) គ្មានសណ្តាប់ធ្នាប់ ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពផ្លូវ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងត្រូវទប់ស្កាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ដែលបើកវាងទៅផ្លូវជាតិលេខ៦០ ផ្លូវជាតិ លេខ៧០ និងផ្លូវខេត្តលេខ២៧០ ។ ចំពោះខ្សែផ្លូវជាតិ/ខេត្តបច្ចុប្បន្ន មានតម្រូវការប្រព័ន្ធរំដោះទឹកភ្លៀងចេញពីទ្រូងផ្លូវ ជាចាំបាច់ ដូច្នេះសូមអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដី ជួយផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល និងចូលរួមសហការណ៍ ការពារ និងសូមអាជ្ញាធរដែនដីផ្ទាល់អន្តរាគមន៍ និងការពារបរិក្ខាចរាចរណ៍។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងរដ្ឋបាលក្រុង-ស្រុក ដើម្បីកំណត់ដីចំណីផ្លូវ ឱ្យបានច្បាស់លាស់ តាមផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ក្នុងខេត្តកំពង់ចាម ស្របតាមច្បាប់ផ្លូវថ្នល់នៃ ព្រះរាជាណាចក្រកម្ពុជា។ មន្ទីរជំនាញ សហការជាមួយរដ្ឋបាលក្រុង-ស្រុក ក្នុងការណែនាំទប់ស្កាត់ប្រជាពលរដ្ឋ ក្នុងការ សាងសង់សំណង់លើដីចំណីផ្លូវ ដើម្បីជៀសវាងនៅពេលមានការសាងសង់ និងពង្រីកផ្លូវមានការ ពិបាក និងប៉ះពាល់ដល់សំណង់ទាំងនោះ។ ត្រូវសហការជាមួយអាជ្ញាធរក្រុង-ស្រុក ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការប្រើប្រាស់ ចិញ្ចើមថ្នល់សាធារណៈ និងផ្លូវថ្នល់សាធារណៈបម្រើឲ្យការលក់ដូរ និងដាក់តាំងទំនិញរបស់ខ្លួនបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបង្កគ្រោះថ្នាក់យថាហេតុ ដល់អ្នកដំណើរអ្នកថ្មើរជើង និងអ្នកធ្វើចរាចរណ៍ឆ្លងកាត់៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
No comments:
Post a Comment