ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត តាមរយៈប្រព័ន្ធអនឡាញ - BNP

Breaking

Wednesday, January 5, 2022

ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត តាមរយៈប្រព័ន្ធអនឡាញ

រសៀលថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០២២​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង​ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)។


កិច្ចប្រជុំនេះបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នាយក/នាយករងសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៣ ប្រធាន អនុប្រធានមន្ទីរអង្គភាព កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម​ អភិបាល​ខេត្ត​ បានរម្លឹកដល់លោកអភិបាលស្រុកកំចាយមារ និងជំរុញការស្នើសុំអាជ្ញាប័ណ្ណចែកចាយទឹកស្អាត អោយបានត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពទឹកដែលមានលក្ខណៈស្តង់ដារអាចទទួលយកបាន និងរដ្ឋក៏អាចទទួលបាននូវព័ន្ធមួយចំនួនផងដែរ។ 


ជាមួយគ្នានេះ លើករណីសណ្តាប់ធ្នាប់សាធារណៈ និងការថែទាំបរិស្ថាននៅលើស្ពានអ្នកលឿង ស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយសម្រួលការងារនេះ ដើម្បីបញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការរក្សាអនាម័យសំរាមនៅលើបរិវេណស្ពាននេះផងដែរ។


ដោយឡែក មន្ទីរកសិកម្ម ក៏ត្រូវពិនិត្យ និងដោះស្រាយការងារបង្កបង្កើនផលទូទាំងខេត្ត រួមមានដំណាំស្រូវ និងដំណាំផ្សេងៗ ដូចជាបន្លែជាច្រើនប្រភេទ ដោយធ្វើការសហការណ៍អោយបានល្អជាមួយមន្ទីរធនធានទឹកខេត្ត ក្នុងខណៈដែលអាជ្ញាធរតាមបន្ទាត់ព្រំដែនត្រូវខិតខំសម្របសម្រួល ដើម្បីជួយសម្រួលក្នុងការនាំកសិផលដំណាំស្រូវចេញទៅប្រទេសវៀតណាមផងដែរ។


បន្ថែមលើនេះ ឯកឧត្ដម​ អភិបាល​ខេត្ត​ ស្នើអោយមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត យកចិត្តទុក្ខដាក់ពិនិត្យ និងអន្តរាគមន៍ ពន្លឿនលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលស្ថិតក្នុងគំរោង ជាពិសេស ជាអនុសាសន៍របស់សម្តេចតេជោ និងសម្តេចក្រឡាហោមជាដើម ដូចសម្តេចតេជោមានប្រសាសន៍ថា, “មានផ្លូវ មានក្តីសង្ឃឹម” ។


ក្រៅពីនេះ ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំទប់ស្កាត់និងចាត់វិធានការអោយបានទាន់ពេលវេលា នូវការបង្ក្រាបបទល្មើសចរាចរណ៍ បញ្ហាគ្រឿងញៀន និងការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកអោយបានទូលំទូលាយស្របតាមសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 


សារជាថ្មីម្តងទៀត ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏បានធ្វើការណែនាំចំនុចមួយចំនួនក្នុងគោលបំណងពង្រឹងរក្សាជំហរប្រុងប្រយ័ត្នខ្ពស់ដដែលលើករណីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយប្រកាន់ខ្ជាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនេះបានម៉ឺងមាត់ទាំងអស់គ្នា៕






 

No comments:

Post a Comment

Pages