រដ្ឋបាលខេត្តកំពង់ចាម ៖ អំណោយជាថវិកា ម៉ាស អាល់កុល និងសាប៊ូលាងដៃរបស់រដ្ឋបាលខេត្ត បានយកមកចែកជូនសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ១២៤ទាំងខេត្តកំពង់ចាម - BNP

Breaking

Friday, September 17, 2021

រដ្ឋបាលខេត្តកំពង់ចាម ៖ អំណោយជាថវិកា ម៉ាស អាល់កុល និងសាប៊ូលាងដៃរបស់រដ្ឋបាលខេត្ត បានយកមកចែកជូនសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ១២៤ទាំងខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត បានអញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់គណៈគ្រប់គ្រងសាលានៃអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន១២៤ សាលា ក្នុងខេត្តកំពង់ចាម ដើម្បីត្រៀមបើកឱ្យដំណើរការឡើងវិញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ អំណោយដែលបានផ្ដល់ជូនរួមមានម៉ាសចំនួន ១២៤.០០០ម៉ាស អាល់កុល ចំនួន ៣.៧២០ លីត្រ និងសាប៊ូលាងដៃចំនួន១.៩០០ដុំ របស់រដ្ឋបាលខេត្ត បានយកមកចែកជូន សាលា អនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ១២៤ ទាំងខេត្តកំពង់ចាម ដើម្បីសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅពេលបើកសាលាអោយចូលរៀននាពេលខាងមុខនេះ និងឧបត្ថម្ភថវិកាចំនួន ២៣លានរៀល ជូនដល់សាលារៀនដែលបានយកមកធ្វើជាមណ្ឌលចត្តាឡីស័កកាលពីពេលកន្លងមក ចំនួន ២២សាលា ផងដែរ។


មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកឡើងថា នៅតែប៉ុន្មានថ្ងៃខាងមុខនេះរដ្ឋបាលខេត្តកំពង់ចាម ត្រៀមខ្លួនរួចជាស្រេចក្នុងការបើកអោយសាលា អនុវិទ្យាល័យ និងវិទ្យាល័យ អោយដំណើរការរៀនសូត្រឡើងវិញ ដូច្នេះការប្រគល់សម្ភារៈទាំងអស់នេះ សម្រាប់អោយលោកនាយកសាលា យកទៅប្រើប្រាស់ ក្នុងសាលារបស់ខ្លួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ជាមួយគ្នានោះដែរ ត្រូវបន្តជម្រុងញដល់បុគ្គលិកសិក្សា ឬសិស្សានុសិស្ស ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។ 


ឯកឧត្តមក៏បានផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលានីមួយៗ ត្រូវរៀបចំអនាម័យបរិស្ថានសាលារៀន និងត្រូវបន្តយកចិត្តទុកដាក់ និងគោរពតាមវិធានសុខាភិបាល និងអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសំដៅធ្វើយ៉ាងណាអាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងគ្រឹះសា្ថនសិក្សា៕






 

No comments:

Post a Comment

Pages