ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុងបាវិត - BNP

Breaking

Friday, October 11, 2019

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុងបាវិត

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុងបាវិត ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាព លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក តំណាងកងកម្លាំងទាំងបី ប្រធានការិយាល័យមន្ត្រីរាជការចំណុះសាលាក្រុង មេឃុំ ស្មៀន ប្រធានប៉ុស្តិ៍រដ្ឋបាល និងកម្លាំងសមត្ថកិច្ចតាមព្រំដែនជាច្រើនរូបទៀត ។

ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងក្រុង ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលក្រុង និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យក្រុងរបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោក លឹម សៀងហេង ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ជំនួសឯកឧត្តម សេង សិលា ដែលត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងពិធីនេះឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
១- ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ត្រូវជៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
២- ត្រូវរួមគ្នាបង្កើនការសហការក្នុងចំណោមអាជ្ញាធរ ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង ការនាំចូលនូវទំនិញខុសច្បាប់ និងខូចគុណភាព ការជ្រៀតចូលនៃជនអន្តោប្រវេសន៍ និងការស្នាក់នៅខុសច្បាប់ជាដើម។
៣- គណៈអភិបាលក្រុង ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលក្រុងឲ្យបានច្បាស់លាស់។
៥- បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។
៦- យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។
៧- ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ។
៨- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យឲ្យបានល្អនៅក្នុងក្រុង ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង។
៩- ត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានតឹងរឹងបំផុត និងទប់ស្កាត់ឲ្យទាន់ពេលវេលា ចំពោះសកម្មភាពរំលោភយកដីសាធារណៈយកមកធ្វើជាកម្មសិទ្ធឯកជន។
១០- ខិតខំរួមសហការសាមគ្គីភាពគ្នាអភិវឌ្ឍន៍ក្រុងឲ្យកាន់តែមានការរីកចម្រើនថែមទៀត នឹងត្រូវចុះដោះស្រាយបញ្ហានានា ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។
១១-ត្រូវបន្តចុះណែនាំ ផ្សព្វផ្សាយ ទប់ស្កាត់ឲ្យបាននូវការសាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ១១១៥ អនក្រ.តត ចុះថ្ងៃអង្គារ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រូវបានតែងតាំង លោក សេង សិលា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងបាវិតខេត្តស្វាយរៀង។



No comments:

Post a Comment

Pages