កិច្ចប្រជុំ​សម្របសម្រួល​ត្រៀមរៀបចំការធ្វេីលំហាត់សមយុទ្ធទ្រង់ទ្រាយធំ​ REPEX19 ក្រោមប្រធានបទ​ «គ្រោះថ្នាក់យន្តហោះ​ធ្លាក់​នៅក្នុងបរិវេណអាកាសយានដ្ឋាន» - BNP

Breaking

Friday, October 11, 2019

កិច្ចប្រជុំ​សម្របសម្រួល​ត្រៀមរៀបចំការធ្វេីលំហាត់សមយុទ្ធទ្រង់ទ្រាយធំ​ REPEX19 ក្រោមប្រធានបទ​ «គ្រោះថ្នាក់យន្តហោះ​ធ្លាក់​នៅក្នុងបរិវេណអាកាសយានដ្ឋាន»

ខេត្តសៀមរាប៖ ថ្ងៃសុក្រ​ ១៣កេីត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៩​ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប​ មានបេីកកិច្ចប្រជុំ​សម្របសម្រួល​ត្រៀមរៀប​ចំធ្វេីលំហាត់សមយុទ្ធទ្រង់ទ្រាយធំ​ REPEX19 ក្រោមប្រធានបទ​«គ្រោះថ្នាក់​យន្តហោះ​ធ្លាក់​នៅ​ក្នុង​បរិវេណ​អាកាសយានដ្ឋាន» ក្រោមសហអធិបតី​ភាព​ ឯកឧត្តម​ ខាន់​ វណ្ណា​ អគ្គនាយក​នៃអគ្គនាយកដ្ឋានបច្ចេកទេស​ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល​ និង​ឯកឧត្តម​ ង៉ាន់​ ភិរុណ​ អភិបាលរង​ខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ និងមានការចូលរួមពី​ ឯកឧត្តម​ អស់លោក​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ មន្ទីរ​ អង្គភាពពាក់ព័ន្ធ​ សរុបចំនួន​ ៤០នាក់។

នៅក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្តម​អភិបាលរងខេត្ត​ ក៏បាន​មានអនុសាស្ដ្រល្អៗ​ ចូលរួមដូចតទៅ៖
-បន្តកិច្ចសហការល្អ​ និងដោយយកចិត្តទុកដាក់ខ្ពស់​ រវាងមន្ទីរ​ អង្គភាព​ជុំវិញខេត្ត​ ជាមួយ​នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប
-បន្តធ្វេីលំហាត់សមយុទ្ធឲ្យបានទៀងទាត់​ រៀងរាល់​ ៦ខែម្ដង​ និងសមយុទ្ធទ្រង់ទ្រាយធំ​រៀងរាល់​ ២ឆ្នាំ​ម្ដង ដេីម្បីស្រមតាមការកំណត់ស្តង់ដាអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរស៊ីវិលពិភពលោក
-ត្រូវត្រួតពិនិត្យសម្ភារៈបច្ចេកទេសជាប្រចាំ​ ដេីម្បីជៀសវាងពេលមានគ្រោះអាសន្នកេីតឡេីងដោយយថាហេតុ​ សម្ភារៈ​មិនអាចប្រេីប្រាស់បាន
-មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវរៀបចំសម្ភារៈបច្ចេកទេស​នៅតាមអង្គភាពរៀងៗខ្លួន​ ទៅតាមលទ្ធភាពដែលអាចធ្វេីបាន
-នាយក​អាកាស​យានដ្ឋាន​ គួរ​សហការ​ជាមួយ​អាជ្ញាធរមីន​ ដេីម្បីបន្តរុករកគ្រាប់មីន​ និងសារធាតុមិនទាន់ផ្ទុះ​ ទាំងនៅក្នុង​ និងក្រៅបរិវេណអាកាសយានដ្ឋាន​ ឲ្យបានបានចំងាយ​ ៨គីឡូម៉ែត្រ​ ជុំវិញ។

គោលបំណង​ នៃការធ្វេីសមយុទ្ធ​ REPEX19 មានដូចតទៅ៖
១-​វាយតម្លៃ​លេីសមត្ថភាពក្នុងការអនុវត្តនៃប្រព័ន្ធដឹកនាំបញ្ជាគ្រោះអាសន្នក្នុងការឆ្លេីយតបឧប្បត្តិហេតុគ្រោះថ្នាក់យន្តហោះ​ និងប្រសិទ្ធភាពនៃការសហការគ្នាក្នុងការដឹកនាំបញ្ជា។
២-អនុវត្តលេីការសម្របសម្រួល​ និងការរួមបញ្ចូលគ្នារវាងប្រព័ន្ធដឹកនាំបញ្ជាគ្រោះអាសន្ន​ នៃស្ថាប័នអន្តរាគមន៍ទាំងអស់។
៣-ពិនិត្យ​ វាយតម្លៃ​លេីសមត្ថភាព​ នៃការបែងចែកជនរងគ្រោះ​ ការសង្គ្រោះបឋមលេីជនរងគ្រោះនៅកន្លែងកេីតហេតុ​ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​ និងការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ។
៤-វាយតម្លៃ​ផែនការ​ នៃការបញ្ចេញព័ត៌មានជាសាធារណៈ​ បញ្ហាប្រឈម​ និងការប្រេីប្រាស់សម្រាប់ធនធានសារព័ត៌មាន។

សូមបញ្ជាក់ថា​ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​REPEX19 គ្រប់​គ្រង​គ្រោះអាសន្នប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប​នឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​២០១៩ខាងមុខនេះ៕




No comments:

Post a Comment

Pages