សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ក្រោមអធិបតីភាព ឯកឧត្តម មុំ ប៊ុនថន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា - BNP

Breaking

Saturday, September 21, 2019

សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ក្រោមអធិបតីភាព ឯកឧត្តម មុំ ប៊ុនថន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ខេត្តព្រះសីហនុ៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ (២០១៧-២០៣០) ក្រោមអធិបតីភាព ឯកឧត្តម មុំ ប៊ុនថន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានការអញ្ជើញចូលរួមពីអស់លោក លោកស្រី មេឃុំ ចៅសង្កាត់ ថ្នាក់ដឹកនាំសមាគមមនុស្សចាស់ និងមន្ត្រីនៃមន្ទីរអង្គភាពក្នុងខេត្ត នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ។

ឯកឧត្តម មុំ ប៊ុនថន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍បើកសិក្ខាសាលាថា គោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីមនុស្សវ័យចាស់ (២០១៧- ២០៣០) ពិសេសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបចំពោះគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះមនុស្សចាស់ ជាធនធានដ៏មានសារសំខាន់មិនចេះរីងស្ងួត ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបង្កើត និងថែរក្សានូវសមិទ្ធិផលជាតិនានា ដែលបុព្វបុរសបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ហេតុនេះទើបយើងចាត់ទុកថា មនុស្សចាស់ គឺជាគ្រឹះនៃបញ្ញាញាណ ជាគតិបណ្ឌិត ជាសម្បត្តិវប្បធម៌ និងជាមរតកសម្រាប់យើងទាំងអស់គ្នា ។

ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានបន្តការគិតគូរទៅលើមនុស្សចាស់ ដែលបានកំណត់ច្បាស់ក្នុងគោលនយោបាយជាតិ និងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ហើយការងារនេះក៏ជាការងារអទិភាពទី៤  ក្នុងចំណោមការងារអទិភាពទាំង៨ របស់ក្រសួងសង្គម កិច្ចអតីតយុទ្ធជន និងជាចក្ខុវិស័យ នៃគោលនយោបាយជាតិ គឺធានាថា មនុស្សចាស់អាចចូលរួមយ៉ាងពេញលេញ ដោយសេរីនឹងមានសេចក្តីថ្លៃថ្នូរ ក្នុងសកម្មភាពគ្រួសារ សហគម សេដ្ឋកិច្ចសង្គម សាសនា និងនយោបាយ ហើយធានាថាមនុស្សវ័យក្មេងនឹងត្រូវបណ្ដុះបណ្ដាលចំណេះ ដឹងបានល្អប្រសើរ ដែលអាចជួយពួកគាត់ គ្រប់គ្រងដំណើរជីវិតរស់នៅដែលបង្កើតផលផ្លែផ្កាប្រកបដោយសុខភាពល្អ ។ មនុស្សពេលចូលដល់វ័យចាស់ បញ្ញាស្មារតី និងសុខភាពតែងតែចុះខ្សោយជាបណ្ដើរៗកាន់តែចាស់ភាពងាយរងគ្រោះកាន់តែកើតមាន ដែលត្រូវការគាំទ្រសេវាសុខមាលភាពជាប្រចាំ ដើម្បីឱ្យមានភាព រឹងមាំ និងអាយុយឺនយូរ ស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន មនុស្សចាស់ភាគច្រើនរស់នៅជាមួយក្រុមគ្រួសារកូន ចៅ ឬជាមួយសាច់ញាតិ ហើយមួយចំនួនទៀតកំព្រាឯកោ ក៏រស់នៅតាមវត្តអារាម ដោយទទួលបានការឧបត្ថម្ភពីព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ និងមនុស្សចាស់ដូចគ្នា ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង ខេត្តព្រះសីហនុ មានប្រសាសន៍លើកឡើងថា ចាប់ពីឆ្នាំ២០១៦-២០១៧ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ សហការជាមួយក្រសួងសង្គមកិច្ច បានបង្កើតសហគមមនុស្សចាស់នៅតាមឃុំ សង្កាត់ បានចំនួន ២៩សមាគម ស្មើនឹង ២៩ឃុំ សង្កាត់ ទូទាំង៥ ក្រុង ស្រុក ដែលមានសមាជិកភាពចំនួន ២២៧នាក់ ។ សមាគម២ បានដំណើរល្អ ក្នុងនោះមានសមាគមមនុស្សចាស់ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ និងសមាគមមនុស្សចាស់សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ។ ក្រៅពីនេះ សមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់មួយចំនួនមានដំណើរការមធ្យម និងភាគច្រើនមិនមានដំណើរការ ។ លោកស្រីបន្តថា សិក្ខាសាលានេះ និងផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់អស់លោក លោកស្រី យកចិត្តទុកដាក់តាមដានស្ដាប់ កត់ត្រានូវចំណុចសំខាន់ៗ និងបទបង្ហាញនានា សម្រាប់យកទៅធ្វើការផ្សព្វផ្សាយបន្តដល់សមាគមមនុស្សចាស់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ៕





No comments:

Post a Comment

Pages