នាព្រឹកថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមអបអរសាទរវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ដែលទទួលពានរង្វាន់ជ័យលាភីលេខ១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់សាលាស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការអបសារទរ ចំពោះការខិតខំប្រឹងប្រែងរបស់លោកនាយកសាលា និងគណៈគ្រប់គ្រងសាលា ព្រមទាំងសប្បុរសជននានា ដែលជាអតីតសិស្សបានជួយឧត្ថម្ភគាំទ្រ លេីការកែលម្អទីធ្លាសាលាឲ្យមានសោភ័ណភាព រហូតទទួលបានពានរង្វាន់លេខ១សម្រាប់សាលាស្អាតទូទាំងប្រទេស ដែលយេីងបានឃេីញនៅថ្ងៃនេះ។
លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានឲ្យដឹងថា លទ្ធផលដែលវិទ្យាល័យទទួលបានពានរង្វាន់ជ័យលាភីលេខ១ «សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១» កើតមានឡើងដោយមានការខិតខំប្រឹងប្រែង ពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសប្បុរសជននានា និងសំខាន់ខ្លាំងណាស់ពិសេសក្រោមការដឹកនាំឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសសាលាវិទ្យាល័យស្វាយរៀង ទទួលបានការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានទូទៅ ដើម្បីកែលម្អឲ្យមានសោភ័ណភាពល្អផងដែរ។
លោកនាយកវិទ្យាល័យ បានថ្លែងអំណរគុណលោក លោកស្រី គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ មាតាបិតាអាណាព្យាបាល សប្បុរសជន ដែលបានជួយគាំទ្រទាំងសម្ភារ ថវិកា ស្មារតី ចូលរួមចំណែកអភិវឌ្ឍន៍បរិស្ថានវិទ្យាល័យស្វាយរៀង ឱ្យមានសម្រស់ស្រស់ស្អាតរហូតដល់ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីលេខ១ សាលាស្អាតក្នុងក្របខណ្ឌទូទាំង ប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១។
សូមបញ្ជាក់ថា វិទ្យាល័យស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥ .០០០.០០០រៀលផងដែរ៕
No comments:
Post a Comment