លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កត្តាសុខសន្តិភាព បានចូលរួមចំណែកជម្រុញឲ្យមានការអភិវឌ្ឍន៍ - BNP

Breaking

Saturday, April 9, 2022

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កត្តាសុខសន្តិភាព បានចូលរួមចំណែកជម្រុញឲ្យមានការអភិវឌ្ឍន៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុង ឆ្លងស្ទឹងសែន ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ។ 


ថ្លែងក្នុងឱកាសនោះលោកជំទាវ ក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសន៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ ដោយបានផ្តោតទៅលើអាទិភាព ៤ គឺ ផ្លូវ មនុស្ស ទឹក ភ្លើង ។ 


ដោយឡែកថ្ងៃនេះ សមិទ្ធិផលស្ពានបេតុងថ្មីនេះ ក៏បានបង្ហាញជំនឿ និងការសាមគ្គី ដែលកើតចេញមកពីកត្តាសុខសន្តិភាព ដែលបានអនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាចូលរួមកសាងនូវសមិទ្ធិផដែលដាក់សម្ពោធនាថ្ងៃនេះ និងបានចូលរួមចំណែកជម្រុញឲ្យមានការអភិវឌ្ឍន៍។  ស្ពានបេតុងនេះ មានប្រវែង ១៥១,២ ម៉ែត្រ ទទឹង ៦,៥០ ម៉ែត្រ  គឺក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា កុយ លាងគី គណៈកម្មការអាចារ្យវត្តកំពង់ស្វាយ រួមជាមួយ ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងសប្បុរសជន បានមូលមតិគ្នាចាប់ផ្តើមកសាងតាំងពីឆ្នាំ២០១៨ និងរួចរាល់ជាស្ថាពរ នៅឆ្នាំ២០២១ ដោយចំណាយថវិកាអស់ជិត ៦៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ 


សូមបញ្ជាក់ផងដែរថា ការសាងសង់ស្ពាននេះគឺ ៖ ទី១. ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផលនានាជួបការលំបាកជាខ្លាំង ទី២. សិស្សានុសិស្សក្នុងភូមិ និងភូមិផ្សេងៗធ្វើដំណើរទៅសាលារៀនជួបការលំបាកជាខ្លាំង ទី៣. ពេលមានបុណ្យទានម្ដងៗព្រះសង្ឃ និងពុទ្ធបរិសទ្ធិជិតឆ្ងាយធ្វើដំណើរឆ្លងកាត់មកវត្តទាំងក្ដីភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង ។ ជាក់ស្ដែងនៅឆ្នាំ ១៩៨២ គឺមានករណីលិចកាណូត នៅពេលដែលប្រជាពលរដ្ឋដង្ហែរអង្គកឋិនទានមកកាន់វត្តកំពង់ស្វាយតាមកាណូត ដោយធ្វើឲ្យប្រជាពលរដ្ឋមកបុណ្យស្លាប់អស់ចំនួន ៥២នាក់ យ៉ាងអណោចអាធ័មបំផុត ក្នុងនោះក៏មានសមាជិករបស់ក្រុម គ្រួសារលោកជំទាវ ឃួន ឃុនឌី ចំនួន ៤នាក់ផងដែរ។ 


លោកជំទាវបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ រៀនរស់ និងធ្វើការតាមប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានការណ៍ ៣ការពារ៣កុំ ។ ចំណែកឯកងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានរៀងៗខ្លួន ជាពិសេស នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលកដល់នាពេលខាងមុខនេះប្រកបដោយសុខ និងសុវត្ថិភាពខ្ពស់៕










 

No comments:

Post a Comment

Pages