ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ករណីប្រជាពលរដ្ឋដែលបានសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស - BNP

Breaking

Tuesday, April 19, 2022

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ករណីប្រជាពលរដ្ឋដែលបានសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស

នៅរសៀលថ្ងៃទី​១៨ ខែមេសា​ ឆ្នាំ​២០២២​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ករណីប្រជាពលរដ្ឋដែលបានសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកមេឃុំកែវផុស ក្រុមគ្រួសារស្ត្រីដែលសម្រាលកូននៅមុខមណ្ឌលសុខភាព ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស។ 


តាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋឈឺពោះសម្រាលមកទទួលសេវាសម្រាលនៅមណ្ឌលសុខភាពឃុំកែវផុស តែមិនឃើញមានគ្រូពេទ្យប្រចាំការ រហូតដល់ម៉ោងជាង០៨ព្រឹកថ្ងៃដដែលបានឈឺពោះសម្រាលនៅមុខមណ្ឌលសុខភាព ដោយឆ្មបបុរាណ ទាំងម្តាយ និងកូនគឺមានសុខភាពល្អ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានឃុំកែវផុស។ 


តាមការរាយការណ៍របស់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពឃុំកែវផុស បានរាយការណ៍ថា ចំពោះករណីប្រជាពលរដ្ឋឈឺពោះសម្រាលនៅមុខមណ្ឌលសុខភាពឃុំកែវផុស គឺនៅចំពេលម៉ោងប្តូរវេនប្រចាំការ ដោយសារគ្រូពេទ្យប្រចាំការចេញមុនម៉ោង និងគ្រូពេទ្យប្តូរវេនមកយឺតពេល ដែលបណ្តាលឱ្យមានភាពខ្វះចន្លោះក្នុងការផ្តល់សេវា។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យក៏បានទៅសុំទោសក្រុមគ្រួសារស្រ្តីដែលសម្រាលកូននៅមុខមណ្ឌលសុខភាពដល់គេហដ្ឋានផងដែរ។ 


បន្ទាប់ពីស្តាប់របាយការណ៍ ឯកឧត្តមអភិបាលខេត្ត បានធ្វើការសន្និដ្ឋានថា ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពឃុំកែវផុសអនុវត្តពុំទាន់ត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ចំពោះមុខទាក់ទងនឹងបញ្ហានេះ កំហុសលើការទទួលខុសត្រូវលើម៉ោងពេលគឺនៅតែជាកំហុស ដែលត្រូវទទួលទណ្ឌកម្មខាងវិន័យ។ ឯកឧត្តមក៏បានដាក់ការណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត សូមយកបទពិសោធន៍នៃបញ្ហានេះធ្វើការដឹកនាំប្រជុំផ្សព្វផ្សាយទៅដល់មណ្ឌលសុខភាពផ្សេងៗទៀតឱ្យមានការទទួលខុសត្រូវ ព្រោះយើងមិនអាចឱ្យមណ្ឌលសុខភាព ឬមន្ទីរពេទ្យរបស់យើងមួយ ធ្វើឱ្យប៉ះពាល់ដល់ការយកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពសាធារណៈរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលគិតគូរល្អិតល្អន់ និងត្រឹមត្រូវ។ ដោយត្រូវណែនាំពីរបៀបរបបនៃការបែងចែកវេនយាម និងការប្តូរវេនយាម ចាប់ពីថ្ងៃនេះតទៅគឺមិនអនុញ្ញាតឱ្យអ្នកដែលមិនទាន់ដល់ពេលចេញទៅផ្ទះនោះទេ អ្នកថ្មីមិនទាន់មកដល់ អ្នកចាស់មិនទាន់ចេញ ត្រូវមានចុះហត្ថលេខាប្តូរវេនគ្នាឱ្យបានត្រឹមត្រូវពីវេនមួយទៅវេនមួយ។ 


ជាមួយគ្នានេះដោយទទួលបានការឯកភាពពី ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលរួចមក ឯកឧត្តមអភិបាលខេត្ត ជាប្រធានអង្គប្រជុំបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ (ក-ស្តីបន្ទោស, ខ-ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន, គ-ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ, ឃ-លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិឬថ្នាក់) ចំពោះប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យចំនួន៦នាក់ទៀត ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ពីការប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យ ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុសត្រូវធ្វើការកែលម្អ ដើម្បីជាការប៉ះប៉ូវនូវកំហុសឆ្គងកន្លងមក ករណីមិនមានកែប្រែនោះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការបន្ត។ 


ចំពោះក្រុមគ្រួសារស្ត្រីដែលសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ដែលបានចូលរួមស្តាប់កិច្ចប្រជុំ បានឯកភាពទទួលយកតាមការសម្រេចរបស់អង្គប្រជុំ និងបានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ស្រុក និងមន្ទីរអង្គភាព ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសលោកមេឃុំ និងក្រុមប្រឹក្សាឃុំកែវផុសដែលបានជួយសម្របសម្រួលការសម្រាល និងផ្គត់ផ្គង់ស្បៀងអាហារដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងពេលមានទុក្ខលំបាក។ ជាមួយគ្នានេះ ក្រុមគ្រួសាររបស់គាត់បានសុំយកឈ្មោះរបស់លោកមេឃុំកែវផុស ធ្វើជាត្រកូលឱ្យកូនប្រុសរបស់គាត់ដែលទើបតែសម្រាលនេះ ដើម្បីទុកជាការដឹងគុណ។







 

No comments:

Post a Comment

Pages