ថ្ងៃពុធទី៣០ ខែមីនា ឆ្នាំ២០២២ រយៈពេល១ថ្ងៃពេញ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនពីរភូមិ ក្នុងឃុំបឹងចារ ស្រុកសំបូរ ដើម្បីស្វែងយល់ពីសុខទុក្ខ ក្តីកង្វល់ និងបញ្ហាប្រឈមនានាដែលបងប្អូនបានជួបប្រទៈកន្លងមក។
មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម វ៉ា ថន បានគូសបញ្ជាក់ថា៖ ការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ត្រូវចាត់ទុកជាការផ្តល់សេវាអាទិភាពផងដែរ ព្រោះការផ្តល់សេវាឱ្យបានឆាប់រហ័ស វាពិតជាបានបំពេញសេចក្តីត្រូវការរបស់ពួកគាត់ ពិសេសនៅពេលដែលពួកគាត់ប្រញាប់ត្រូវការឯកសារបញ្ជាក់ ដូចជាការធ្វើអត្តសញ្ញាណបត្រ សំបុត្រកំណើត សៀវភៅគ្រួសារជាដើម ដើម្បីរត់ការលើឯកសារអ្វីមួយ ត្រូវធ្វើជូនប្រជាពលរដ្ឋឲ្យបានលឿន និងត្រូវយកជូនពួកគាត់ឲ្យដល់លំនៅដ្ឋានតែម្ដង និងដើម្បីអភិវឌ្ឍន៍មូលដ្ឋានទៅមុខឲ្យបានកាន់តែរីកចម្រើនថែមទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទាំងអស់គ្នា។
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ៖ បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ វាក៏ជាបញ្ហារបស់រដ្ឋបាលខេត្ត និងមន្រ្តីមូលដ្ឋានផងដែរ ត្រូវចាត់ទុកជាបញ្ហាអាទិភាព នៅពេលដែលមានប្រជាពលរដ្ឋណាម្នាក់ បានមកស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយដល់ពួកគាត់ ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា កុំទុកបញ្ហារបស់គាត់ចោល ហើយក្នុងករណីដែលបញ្ហាពលរដ្ឋមិនអាចដោះស្រាយបាន ត្រូវបញ្ជូនមកថ្នាក់លើ ដើម្បីបន្តនីតិវិធីដោះស្រាយបន្ថែមទៀត។
ក្នុងនោះដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាមួយចំនួន ដូចជា ស្នើសុំផ្លូវក្នុងភូមិតភា្ជប់ទៅដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង ស្នើសុំជួសជុលស្ពាន និងលូ មួយចំនួនក្នុងភូមិ ស្នើសុំជួយសម្រួលផ្ដល់បណ្ណកម្មសិទ្ធដីធ្លឺជូនដល់បងប្អូនជនជាតិភាគតិច ហើយសំណើរបស់ប្រជាពរដ្ឋត្រូវដោះស្រាយភ្លាម ពីមន្ត្រីជំនាញដែលពាក់ពន្ធ័ជាវិស័យនោះ។
ក្នុងនោះដែរឯកឧត្តម ក៏បានជម្រុញស្នើសុំដល់បងប្អូនទាំងត្រូវចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ សម្រាប់ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់យើងពិតប្រាកដ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ និងបានផ្តល់នូវថវិកាដល់ឃុំចំនួន ១លានរៀល ដើម្បីគាំទ្រដល់ដំណើរការជួសជុលស្ពានដែលខូចខាត និង១លានរៀលទៀត សម្រាប់ចូលរួមកសាងនូវសមិទ្ធផលនានាក្នុងវត្ត៕
No comments:
Post a Comment