ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តបាត់ដំបង - BNP

Breaking

Saturday, March 5, 2022

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង។


ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អគ្គនាយក អគ្គនាយករង ព្រមឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោកស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងលោក លោកស្រីជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ 


នៅក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍អបអរសាទរ ចំពោះលោក ខូយ រីដា ឋានន្តរស័ក្ដឧត្តមមន្រ្ដី ថ្នាក់លេខ៤ ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្តពោធិ៍សាត់ មកទទួលភារកិច្ចជាអភិបាលរងខេត្តបាត់ដំបង បន្តជួយការងារដឹកនាំនៅខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ដែលត្រូវផ្ទេរកាន់មុខតំណែងថ្មីនៅក្រសួងមហាផ្ទៃ។ 


បន្ទាប់ពីការប្រគល់អនុក្រឹត្យ ស្ដីពីការផ្ទេរភារកិច្ចមន្រ្ដីរាជការរួច លោក ខូយ រីដា បានឡើងមានប្រសាសន៍ប្ដេជ្ញាចិត្ត ជូនដល់ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល ក្នុងការបន្តខិតខំប្រឹងប្រែងចូលរួមជួយក្នុងការងារជាមួយរដ្ឋបាលខេត្តបាត់ដំបង និងបន្តខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។ 


ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់លោក យឹម សៀប ដែលកន្លងមកលោកបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ក្នុងការរួមចំណែកជាមួយឯកឧត្តម លោកជំទាវក្នុងរដ្ឋបាលខេត្ត ក្នុងការចូលរួមអភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបងផងដែរ។ ឯកឧត្តម បានផ្ដាំផ្ញើដល់លោក ខូយ រីដា ដែលទើបបានផ្ទេរភារកិច្ចមកខេត្តបាត់ដំបង ខិតខំបន្តចូលរួមក្នុងការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែរីកចម្រើន។ ឯកឧត្តមបានបន្តទៀតថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្ដិភាពពេញលេញ ធ្វើឲ្យមានការអភិវឌ្ឍ រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបច្ចុប្បន្ននេះ សម្ដេចបានដាក់ចេញនូវយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការឆ្លងជាសហគមន៍នៃជំងឺកូវីដ-១៩ដែលកំពុងរីករាលដាលខ្លាំង ដោយអនុវត្តនូវយុទ្ធសាស្រ្ដចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងដូសមូលដ្ឋាន និងដូសជំរុញ។ 


ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំរក្សាឲ្យបាននូវសុខសន្ដិភាព និងសន្ដិសុខ ហើយត្រូវរៀបចំកំណត់ និងបង្រ្កាបឲ្យបាននូវការញ៉ុះញ៉ុង បំភ្លៃព័ត៌មានដែលបង្កជារឿងអសន្ដិសុខក្នុងសង្គម ហើយត្រូវខិតខំអប់រំប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពីបញ្ហាប្រឈមនានា សណ្ដាប់ធ្នាប់សង្គម បញ្ហាគ្រឿងញៀន អំពើហិង្សា និងការចូលរួមគោរពច្បាប់នានារបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានសុខសណ្ដាប់ធ្នាប់សង្គមផងដែរ៕









 

No comments:

Post a Comment

Pages