ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណបុណ្យចូលឆ្នាំប្រពៃណីជាតិជិតចូលមកដល់ ក្នុងខេត្តកំពង់ឆ្នាំង - BNP

Breaking

Tuesday, March 22, 2022

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណបុណ្យចូលឆ្នាំប្រពៃណីជាតិជិតចូលមកដល់ ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២ នៅសាលាស្រុករលាប្អៀរ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណ:បុណ្យចូលឆ្នាំប្រពៃណីជាតិជិតចូលមកដល់ដោយបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត និងមានការចូលរួមពីលោកឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ត្រីរាជការនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ កងកម្លាំងទាំង៣ សិស្សានុសិស្ស យុវជនកាកបាទក្រហមខេត្ត យុវជនកាយរិទ្ធិខេត្ត សរុបប្រមាណជាង ១០០នាក់។ 


គោលបំណងនៃការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។


ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លោកឆាយ លាភា បានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានអនុវត្តនាពេលកន្លងមកទាក់ទងនឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាអាទិ៍ ការត្រួតពិនិត្យយានដ្ឋានកែច្នៃ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់យានយន្ត និង ការផ្សព្វផ្សាយ និងចែកឯកសារផ្សេងៗពាក់ព័ន្ធនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។


ឯកឧត្តម ឈិនសេង ងួន អភិបាលខេត្តបានប្រសាសន៍ថាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាពេលនេះ គឺស្របពេលរដូវបុណ្យចូលឆ្នាំក៏កាន់តែខិតជិតមកដល់ ដែលអាចជាការពញ្ញាក់ស្មារតីដល់បងប្អូនគ្រប់រូបឱ្យយល់ដឹងពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែស បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ ឬវ៉ាជែងដោយប្រថុយប្រថាន ការបើកក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើសទម្ងន់កំណត់ ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម។ 


ឯកឧត្តមក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចងចាំនូវសីលធម៌១០ចំណុច នោះគឺ នៅរាល់ពេលបើកបរយាន និងត្រូវចងចាំនូវពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មួយឃ្លាថា “ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។


លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.បានសម្តែងនូវក្តីព្រួយបារម្ភចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយសារចំនួនអ្នកស្លាប់នៅតែមានតួលេខខ្ពស់ ជាពិសេសចំនួនអ្នកស្លាប់ជាអ្នកប្រើប្រាស់ទោចក្រយានយន្ត និងអ្នកមិនពាក់មួកសុវត្ថិភាពនៅពេលមានគ្រោះថ្នាក់នៅតែមានចំនួនច្រើន។ ប្រការនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ លោកជំទាវ ក៏បានអំពាវនាវដល់ អាជ្ញាធរដែនដីភូមិ សង្កាត់ សូមសហការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវតាមភូមិសង្កាត់របស់ខ្លួន ឱ្យចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 


លោកជំទាវ បានក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរមិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទត្រូវពិនិត្យសុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្តមុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។ 


នៅក្នុងយុទ្ធនាការនេះ ក៏មានការណែនាំដល់អ្នកចូលរួមក្នុងយុទ្ធនាការអំពីវិធានការទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាត ការពាក់ម៉ាសការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ផងដែរ៕







 

No comments:

Post a Comment

Pages