អភិបាលខេត្តកំពង់ចាម ចុះពិនិត្យគម្រោងស្ថាបនាផ្លូវ និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងសង្កាត់សំបួរមាស និងសង្កាត់បឹងកុក ក្រុងកំពង់ចាម - BNP

Breaking

Friday, March 4, 2022

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យគម្រោងស្ថាបនាផ្លូវ និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងសង្កាត់សំបួរមាស និងសង្កាត់បឹងកុក ក្រុងកំពង់ចាម

កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យគម្រោងស្ថាបនាផ្លូវ និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងសង្កាត់សំបួរមាស និងសង្កាត់បឹងកុក ក្រុងកំពង់ចាម។ 


ក្នុងដំណើរអញ្ជើញចុះពិនិត្យគម្រោងស្ថាបនាផ្លូវខាងលើនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការសំណេះសំណាល សាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ឲ្យចូលរួមជាមួយអាជ្ញាធរ ដើម្បីបន្តធ្វើការអភិវឌ្ឍន៍សំដៅ ធ្វើយ៉ាងណាឲ្យមានការរីកចម្រើន ក្នុងមូលដ្ឋាន ព្រមទាំង អំពាវនាវ ឲ្យមានការចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ផងដែរ។ 


ជាមួយនឹងការស្ថាបនាផ្លូវនេះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ពិតជាមានការត្រេកអរ ជាខ្លាំង បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ អាជ្ញាធរខេត្ត នៅតែបន្តធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្តែង ដូចជា ការស្ថាបនា ជាផ្លូវបេតុងនេះ បង្កលក្ខណៈ ងាយស្រួល ដល់ការធ្វើដំណើរពីសំណាក់បងប្អូនប្រជាពលរដ្ឋ។  


លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវ និងប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុងកំពង់ចាម ដែលឯកឧត្ដមអភិបាលខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យនេះ រួមមាន៖ នៅសង្កាត់សំបួរមាស មានផ្លូវ ចំនួន ២ខ្សែ ខ្សែទី១ មានប្រវែង ១៤០ ម៉ែត្រ នៅជាប់វិទ្យាល័យសំបួរមាស ជាផ្លូវបេតុង សម្រាប់គម្រោង ឆ្នាំ២០២៣ និងខ្សែទី២ ប្រវែង ១៣០ម៉ែត្រ ពីចំណុច ផ្សារ ព្រែកដើមចាន់ ទៅភូមិ តាណេង  ដែលជាការជួសជុលផ្លូវក្រាលកៅស៊ូ។ ដោយឡែក គម្រោងស្ថាបនាផ្លូវ នៅសង្កាត់បឹងកុក ដែលសាងសង់ រួចរាល់ជាស្ថាពរ គឺផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង ១៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតក្នុងភូមិមេម៉ាយ និងជាប់គ្នាមួយខ្សែទៀត ជាផ្លូវក្រាលកម្ទេចថ្មភ្នំដែលត្រូវស្ថាបនាជាផ្លូវបេតុង សម្រាប់គម្រោងឆ្នាំ២០២៣ផងដែរ៕







 

No comments:

Post a Comment

Pages