អភិបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាពីការត្រៀមបើកសាលារៀនឡើងវិញ - BNP

Breaking

Saturday, September 4, 2021

អភិបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាពីការត្រៀមបើកសាលារៀនឡើងវិញ

ប៉ៃលិន៖ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ បានដឹកកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិភាក្សាស្តីពីការបើកឱ្យដំណើរការ តាមបណ្តាសាលារៀនរដ្ឋ និងឯកជនឡើងវិញ ដើម្បីត្រៀមអោយសិស្សានុសិស្សពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សាបានចូលរៀនវិញជាជំហានៗ តាមតំបន់ដែលមានហានិភ័យទាបចំពោះការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។


លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំបន្ទាន់នេះ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃលើតំបន់ណាដែលអាចបើកសាលារៀនឡើងវិញបាន និងតំបន់ណាដែលនៅមិនទាន់អាចបើកបាន ហើយបន្ទាប់ពីពិនិត្យ និងសម្រេចរួច ទើបមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើការចុះស្រង់សាលា ដែលមានហានិភ័យទាប ដោយត្រូវរៀននៅតាមសាលា ដោយឆ្លាស់គ្នា និងមានសិស្សក្រោម១៥នាក់ និងតំបន់ណាដែលមានហានិភ័យខ្ពស់ គឺត្រូវឲ្យរៀនពីចម្ងាយ និងតាមអនឡាញដដែល ហើយផ្ញើរបាយការណ៍ជួនក្រសួងអប់រំជាអ្នកសម្រេច។


លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ យោងតាមសេចក្តីណែនាំ ស្តីពីការបង្រៀន និងរៀន តាមបណ្តុំសម្រាប់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប របស់ក្រសួងអប់រំ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ គឺការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប អាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្ដែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិបានការសុខាភិបាលចាំបាច់នានា ហើយគណៈអភិបាលរាជធានី-ខេត្ត ត្រូវកំណត់ភូមិសាស្ត្រ ដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លង ជំងឺកូវីដ-១៩។


នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានស្នើដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចុះធ្វើការសិក្សាវាយតម្លៃ និងជ្រើសរើស សាលាមត្តេយ្យសិក្សា-សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាព បើកដំណើរការឡើងវិញ ដោយត្រូវរៀបចំយន្តការរៀន និងបង្រៀន និងត្រូវរៀបចំជាផែនការឲ្យបានច្បាស់ លាស់ ហើយត្រូវផ្តល់អាទិភាព ទៅលើសិស្សថ្នាក់ទី៩ និងទី១២ ឲ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាព ជាការរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង១៥នាក់ និងផ្លាស់វេន ដើម្បីងាយស្រួលក្នុង ការបង្រៀន និងការគ្រប់គ្រង ចំណែកកម្រិត ថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំ មិនឲ្យលើសពី ១៥នាក់ ទៅតាមស្ថានភាពជាក់ស្ដែង ដោយអាចរៀបចំ ការរៀនតាមបណ្ដុំនៅសាលារៀន និងបែងចែកវេន ឬបណ្ដុំតាមចម្រុះថ្នាក់ ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ ក្នុងករណីបណ្ដុំមានសិស្សតិចពេក អាចផ្គួបកម្រិតថ្នាក់ចូលគ្នា ឬអាចផ្គួបគ្នាលើសពី២កម្រិតថ្នាក់។


គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារជាសំឡេងបន្ទាន់មួយណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យសហការជាមួយបណ្តារាជធានី-ខេត្តនានា ដើម្បិពិនិត្យមើលលើការ បើកសាលារៀនឡើងវិញនៅតាមភូមិ-ឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំការបើកលាសារៀនព្រមគ្នា នៅទូទាំងប្រទេសនោះឡើយ។ ប៉ុន្តែក៏ត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ៕







 

No comments:

Post a Comment

Pages