ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីផ្ទះមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះបណ្ដាលឱ្យរងការខូចខាតសម្ភារៈមួយចំនួននៅក្នុងផ្ទះ
ការឆាបឆេះនេះកើតឡើងកាលពីវេលាម៉ោង ១១:៤៥នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅចំណុចភូមិ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមការឲ្យដឹងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាផ្ទះដែលរងការឆាបឆេះដោយអគ្គីភ័យនេះគឺជាផ្ទះរបស់លោកមេភូមិ២តែម្ដង។
សម្ភារៈដែលខូចខាតក្នុងការឆាបឆេះនេះមានដូចជា៖ កង្ហារ ធុងបាស កៅអី ស្គរ តុ រថយន្ត (ឆេះមួយចំហៀង) និងសម្ភារៈមួយចំនួនទៀតផងដែរ ប៉ុន្តែពុំមាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេដោយសារតែអាជ្ញាធរមូលដ្ឋាននិងរថយន្តពន្លត់អគ្គីភ័យចុះទៅដល់ទីតាំងកន្លែងកើតហេតុទាន់ពេលវេលាទើបមិនបណ្ដាលឱ្យអគ្គីភ័យនេះឆាប់ឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងទៀតឡើយ។
បើតាមការបញ្ជាក់ពីសមាជិកក្នុងគ្រួសារនេះបានឲ្យដឹងថា អគ្គីភ័យនេះអាចបណ្ដាលមកពីទុស្សេខ្សែភ្លើងពីព្រោះថាមុនពេលកើតហេតុគឺមិនមាននរណាម្នាក់បានអុជធូបទៀននោះទេ៕
No comments:
Post a Comment