មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងសហការី និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១១៥គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ស្ថិតនៅភូមិពូជ្រៃចាង និងភូមិពូជ្រៃមេប៉ៃ ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលមានប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ឯកឧត្តម អភិបាលខេត្ត ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឫមានរោគសញ្ញាសង្ស័យផ្សេងៗ ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។
បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យ និងតាមដានប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានការខ្វះខាត ឬមានបញ្ហាណាមួយ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ ឲ្យបានទាន់ពេលវេលា។
បន្ទាប់មក អាជ្ញាធរខេត្តមណ្ឌលគិរី រួមទាំងសហការី បានអញ្ជើញចុះពិនិត្យទីតាំងមណ្ឌល សម្រាប់ទុកដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅសាលាឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕
No comments:
Post a Comment