សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក - BNP

Breaking

Tuesday, September 21, 2021

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នាព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ តាមប្រព័ន្ធវីដេអូ (ZOOM) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.)។


គួរបញ្ជាក់ថា កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនាពេលព្រឹកនេះ ដោយមានការចូលរួមពីសមាជិក សមាជិកា គ.ស.ច.គ. អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ១៦៤នាក់។


ជាកិច្ចចាប់ផ្ដើម លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានអានរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ ថា តាមរយៈការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ច បានពិន័យយានយន្ដល្មើសច្បាប់សរុបចំនួន១០៥.៩៩៥គ្រឿង ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៧៨% (៥៥៥/៧០៩នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩% (៣៨៥/៥៥៥នាក់)។ 

គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៣៤០លើក ខេត្តកណ្តាល ៨៦លើក និងខេត្តស្វាយរៀង ៧៧លើក។ ក្នុងនោះរួមមាន ៖ ទោចក្រយានយន្ដ ត្រីចក្រយានយន្ដ ចំនួន៧៧.៧៩៤គ្រឿង ស្មើ៧៣% ។ដោយឡែក រថយន្ដ ចំនួន២៨.២០១គ្រឿង ក្នុងនោះ ធុនធ្ងន់៦.៤៣១គ្រឿង។


លោកជំទាវ រដ្ឋលេខាធិការ ក៏បានលើកឡើងទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៦១លើក (យប់៥៤%) បណ្តាលឱ្យស្លាប់ ៧០៩នាក់ និងរបួស ១.៧៩២នាក់ (ធ្ងន់១.០៤៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន៣៤% បើកបរមិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ១៦% វ៉ាជែង៨% បត់៩% កត្តាយានយន្ត៣% ស្រវឹង៣% និងងងុយ១%។ បើគិតក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣៥៨លើក ស្មើ២២% (១២៦១/១៦១៩លើក) ចំនួនអ្នកស្លាប់ថយចុះ ១៥២នាក់ ស្មើ១៨% (៧០៩/ ៨៦១នាក់) និងចំនួនអ្នករបួសថយចុះ ៦៥៧នាក់ ស្មើ២៧% (១៧៩២/២៤៤៩នាក់)។


បន្ទាប់មកទៀត ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសារធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ. បានឱ្យដឹងថា យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត គិតត្រឹមខែកក្កដា ឆ្នាំ២០២១ មានយានដ្ឋាន សរុបចំនួន ៤.៥៣២កន្លែង (មានច្បាប់ ៣.៩៧១កន្លែង អត់ច្បាប់ ៣៨០កន្លែង) បានបិទយានដ្ឋាន សរុបចំនួន ១៨១កន្លែង។


ទិសដៅសំខាន់ៗ សម្រាប់ឆមាសទី២ ឆ្នាំ២០២១ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែកស្ទីកយ័រចំណាំងផ្លាត និងមួកសុវត្ថិភាពដល់អ្នកបើកបរទោចក្រយានយន្ត បន្តសិក្សាត្រួតពិនិត្យតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ និងកែលម្អទីតាំងទាំងនោះ បំពាក់កាមេរ៉ាសុវត្ថិភាព និងផ្លាកសញ្ញាចរាចរណ៍ សិក្សា និងរៀបចំវិធានការ បំពាក់ប្រព័ន្ធ GPS តាមដាន លើរថយន្តដឹកទំនិញ ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវដែក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវថ្នល់ សហការជាមួយអនុគណៈកម្មការទី២ ក្នុងការត្រួតពិនិត្យយានយន្តដែលផុតសុពលភាពឈៀក បន្តជួសជុល ថែទាំ និងអភិវឌ្ឍផ្លូវស្ពានដើម្បីធានានិរន្តរភាពនិងលើកកម្ពស់ប្រសិទ្ធភាពចរាចរណ៍ដឹកជញ្ជូន ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គម។


នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ. បានមានប្រសាសន៍វាយតម្លៃថា តាមរយៈលទ្ធផលប្រកដោយភាពវិជ្ជមានខាងលើនេះ បានពិនិត្យឃើញថា មានកត្តាសំខាន់ៗជាច្រើន ដែលបានជំរុញវឌ្ឍនភាពនៃការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដូចជា៖ ការធ្វើវិសោធនកម្មច្បាប់ និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ការជំរុញដាក់ចេញវិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានទាន់ពេលវេលាពីសំណាក់រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកជាសេនាធិការ។


សម្ដេចក្រឡាហោម បានបន្ដថា កិច្ចខិតខំប្រឹងប្រែងរបស់យន្តការពាក់ព័ន្ធ ដោយបានចាត់តាំងអនុវត្តនូវយុទ្ធសាស្ត្រ និងផែនការរបស់ គ.ស.ច.គ. ប្រកបដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់ មានភាពរស់រវើក និងមានស្មារតីទទួលខុសត្រូវខ្ពស់, មានការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសនោះ មានការចូលរួមពីបណ្ដាប្រទេស អង្គការជាតិ និងអន្តរជាតិ ក្នុងការផ្ដល់ជំនួយបច្ចេកទេស និងសម្ភារៈ លើវិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក។


ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានគាំទ្រ និងឯកភាពចំពោះទិសដៅឆមាសទី២ ដែលបានដាក់ចេញដោយ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងស្នើឱ្យមានយន្ដការពាក់ព័ន្ធគ្រប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមលើកិច្ចការសំខាន់ៗ មួយចំនួន ដូចជា ៖ អនុគណៈកម្មការទី១ ត្រូវយកចិត្តទុកដាក់ថែមទៀតក្នុងការបំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ដើម្បីធានាឱ្យផ្លូវថ្នល់មានសុវត្ថិភាព និងត្រូវបន្តគាំទ្រដល់ការបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនអចល័តនៅតាមផ្លូវជាតិនានា តាមរយៈការបញ្ចូលគម្រោងបំពាក់នេះទៅក្នុងគម្រោងកសាង ឬជួសជុលផ្លូវ។ សម្តេចបានសង្កត់ធ្ងន់ថា អភិបាលរាជធានីខេត្តត្រូវយកចិត្តទុកដាក់ បំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ និងរឹតបណ្តឹងឱ្យបានម៉ឺងម៉ាត់លើការដឹកជញ្ជូនដី ខ្សាច់ ថ្ម ជ្រុះរាយប៉ាយនៅតាមផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ 


សម្ដេចក្រឡាហោម បានបន្ថែមថា ទន្ទឹមនោះ ត្រូវបន្តធ្វើការរឹតបន្តឹងអនុវត្តច្បាប់ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេសទំនើប ដើម្បីទប់ស្កាត់បទល្មើសចរាចរណ៍ និងបទល្មើសផ្សេងៗ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព។ ជាមួយនេះ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាព និងជាប្រចាំ ដោយអនុវត្តឱ្យចំគោលដៅ និងមុខសញ្ញាងាយរងគ្រោះ ជាដើម៕









 

No comments:

Post a Comment

Pages