(ឧត្ដរមានជ័យ)៖ នារសៀលថ្ងៃអង្គារទី០៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ(គ.ប.ក.១៩.ឧជ) ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងត្រៀមធ្វើផ្សារក្រមួន ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការលក់ដូរ បន្លែ ត្រី សាច់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងអំឡុងពេលបិទខ្ទប់ ផ្សារសំរោង និងបានបន្តដំណើរចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានដាក់លក់ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគ បរិភោគ នៅតាមមុខផ្ទះរៀងៗខ្លួន។
គណៈចុះសួរសុខទុក្ខនោះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត សូមទោសដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ទាំងអស់ចំពោះការបិទផ្សារសំរោង ជាលើកទី២ ក្នុងគោលបំណងកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ឯកឧត្តមអភិបាលខេត្តបានបន្តថា អាជ្ញាធរខេត្តកំពុងរៀបចំផ្សារក្រមួនជូនបងប្អូនប្រជាពរដ្ឋសម្រាប់លក់ដូរ ដោយរក្សាគម្លាតសុវត្ថិភាព អនុវត្តតាមវិធានការក្រសួងសុខាភិបាល ផងដែរ។
ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យើង សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «៣កុំ និង ៣ការពារ» ដែល មានដូចខាងក្រោម៖
* ត្រូវអនុវត្ត វិធានការ ៣ការពារជាប់ជាប្រចាំ៖
១៖ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។
២៖ ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។
៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។
* ត្រូវអនុវត្តវិធានការ ៣កុំ៖
១៖ កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក។
២៖ កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើង៕
No comments:
Post a Comment