អភិបាលខេត្តកែប នាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ - BNP

Breaking

Friday, July 30, 2021

អភិបាលខេត្តកែប នាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់

ខេត្តកែបៈ បន្ទាប់ពីមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បក់បោកយ៉ាងខ្លាំងបានបង្ករឲ្យមានខ្យល់កន្ទ្រាក់ប៉ះផ្ទះប្រជាពលរដ្ឋចំនួន១០៧គ្រួសារ ត្រូវបានទទួលរងការខូចខាត ។ បន្ទាប់ពីទទួលបានរបាយការណ៍អំពីស្ថានភាពខាងលើ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដោយមានការអញ្ជើញចូលរួមអមដំណើរដោយលោក លោកស្រីអនុប្រធាន  សមាជិក  សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីប្រតិបត្តិ បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិចំនួន ១០៧គ្រួសារ ស្ថិតក្នុងភូមិសាស្រ្តរដ្ឋបាលក្រុង ស្រុកទាំងពីរនៃរដ្ឋបាលខេត្តកែប ។


នៅក្នុងឱកាសនោះ  ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូរប្រកបដោយចិត្តសប្បុរសធម៌ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវបញ្ហាប្រឈម ឬគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់សាសនា បក្សពួក ឬនិន្នាការនយោបាយឡើយ ។ 


ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអប់រំណែនាំដល់ក្រុមគ្រួសារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ព្រោះរដូវនេះជារដូវភ្លៀងធ្លាក់អាចនឹងមានការកើតឡើងនៅបាតុភូមិធម្មជាតិជាយថាហេតុ ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានអប់រំណែនាំឲ្យចេះថែរក្សាអនាម័យសុខភាពក្រុមគ្រួសារ និងខ្លួនឯងឲ្យបានល្អជាប្រចាំ   ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ  ត្រូវចូលរួមអនុវត្តឲ្យបានជាប្រចាំតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានការ ៣ការពារ និងវិធានការ ៣កុំ ដែលត្រូវបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ទាំងអស់គ្នា៕




 

No comments:

Post a Comment

Pages