នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បី ផ្សព្វផ្សាយសារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខ ០៤ស.រ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ និងសេចក្តីសម្រេច របស់រដ្ឋបាលខេត្តកំពង់ចាម លេខ ២២៤/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១ ស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកនាយករដ្ឋបាល លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋភិបាលកម្ពុជា បានដាក់ចេញនូវសារាចរលេខ ០៤ស.រ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ដើម្បី ដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាល នៃជម្ងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមនឹងការមកដល់ នៃរលកទី៣ នៃការឆ្លង រីករាលដាលទ្រង់ទ្រាយធំ នៃជម្ងឺកូវីដ ១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta)។ ដូច្នេះ ដើម្បីធានាបានប្រសិទ្ធភាព នៃការអនុវត្តវិធានប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺនេះ នៅក្នុងខេត្តកំពង់ចាម រដ្ឋបាលខេត្ត ក៏បានដាក់ចេញនូវសេចក្តីសម្រេចលេខ ២២៤/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១ ស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សំដៅអនុវត្តព្រមគ្នា ក្នុងការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា(Delta) ផងដែរ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការបន្ថែមចំនួន ៧ចំណុច ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក សម្រាប់ការអនុវត្តព្រមពេលគ្នា ដើម្បី បង្កើនប្រសិទ្ធភាព នៃយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងនោះមាន៖
១-ក្រុង/ស្រុក ត្រូវបន្តផ្សព្វផ្សាយ និងដាក់វិធានការអនុវត្ត ដើម្បីចែករំលែកការទទួលខុសត្រូវដល់អ្នកពាក់ព័ន្ធ ឱ្យអនុវត្តព្រមគ្នា។
២-ក្នុងពេលដែលអនុវត្តសេចក្តីសម្រេចការបិទខ្ទប់ ភូមិសាស្ត្រតាមបណ្តាខេត្ត ជាប់ព្រំដែន រដ្ឋបាលក្រុង/ស្រុក ត្រូវបន្តសហការ ជាមួយអនុគណៈកម្មការគ្រប់គ្រង ច្រកទ្វាចេញចូលប្រទេស និងការធ្វើចត្តាឡីស័ក ដើម្បី រៀបចំផ្ទេរមណ្ឌលចត្តាឡីស័កពីសាលារៀន ទៅទីតាំងដែលទំនេរ ដើម្បី ប្រគល់ជូនសាលារៀនជូនក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ត្រៀមរៀបចំបើកសាលារៀនឡើងវិញ។
៣-ត្រូវពង្រឹងវិធានការហាមឃាត់ នូវរាល់សកម្មភាព និងទីកន្លែង ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាល នៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ រួមនឹងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពក្នុងអំឡុងពេលនៃការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
៤-បន្តពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រួមបញ្ចូលនឹងការអនុវត្តកាតព្វកិច្ច រក្សាគម្លាត សុវត្ថិភាពក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍។
៥-ត្រូវបន្តតាមដាន និងស្រាវជ្រាវអ្នកដែលពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ ពិសេស លើករណីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងមូលដ្ឋាន ដោយត្រូវបិទខ្ទប់ទីកន្លែង ទីតាំងដែលរកឃើញករណីភ្លាមៗ និងចាត់វិធានការបន្ទាន់ សំដៅគ្រប់គ្រងអ្នកដែលពាក់ព័ន្ធនឹងករណីវិជ្ជមាន ដើម្បី គ្រប់គ្រងតំបន់ផ្ទុះឆ្លងបានទាន់ពេលវេលា និងកាត់ផ្តាច់កុំឱ្យឆ្លងទៅតំបន់ផ្សេងទៀត។
៦-ត្រូវអនុវត្តច្បាប់ ដោយមិនមានការលើកលែង ចំពោះ បុគ្គលដែលបំពានសារាចរ សេចក្តីណែនាំ សេចក្តីសម្រេច និងវិធានការរដ្ឋបាល ដែលបានដាក់ចេញ។
៧-ត្រូវរៀបចំ ការយកសំណាក ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្នុងភូមិដែលផ្ទះឆ្លងក្នុងទ្រង់ទ្រាយធំ ដើម្បី ស្រាវជ្រាវអ្នកវិជ្ជមានកូវីដ-១៩ យកមកព្យាបាលបានទាន់ពេលវេលា និងទប់ស្កាត់ការឆ្លងរីករាល នៃជំងឺកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំ៕
No comments:
Post a Comment