ភ្នំពេញ៖ បុរសជាជាងជួសជុលរថយន្តពីរនាក់ ផឹកស្រាស្រវឹងបែកគំនិត យករថយន្តភ្ញៀវ ដែលដាក់ជួសជុលទៅបើកដើរលេង បំណងចង់សប្បាយ តែបែរប្រែក្លាយជាទុក្ខ បន្ទាប់ពីបើកបុកម៉ូតូ និងម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យនារីម្នាក់ បានស្លាប់បាត់បង់ជីវិត។
ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខក្លឹបហាត់ប្រាណយីហោតោះជ៊ីម ស្ថិតតាមបណ្ដោយផ្លូវ១០០៣ កែងនិងផ្លូវ១៩៨២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពនារីរងគ្រោះឈ្មោះ ណុប ពិសី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយបានធ្វើការនៅក្នុងហាងលក់នាឡិកាមួយ នៅឯផ្សារទំនើបអ៊ីអនទី២ ស្នាក់នៅបន្ទប់ជួលក្បែរវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតខេត្តកំពត។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាកុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 1G-2379 ទើបតែជិះចេញពីកន្លែងធ្វើការនៅផ្សាទំនើបអ៊ីអនទី២ បំណងជិះត្រឡប់ទៅបន្ទប់ជួលវិញ នៅទឹកថ្លា ដោយធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវ១០០៣។
លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្កមួយគ្រឿង ម៉ាកលុចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-3407 បើកបរដោយបុរសពីរនាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ ទិសដៅបញ្រ្ចាសគ្នា ក្នុងល្បឿនយ៉ាងលឿនដូចហោះ។ ខណ:ពេលនោះរថយន្តបង្ក ក៏បានរេចង្កូតទៅខាងឆ្វេងឆ្លងទៅបុកម៉ូតូរងគ្រោះខាងលើចំពីមុខពេញទំហឹង ធ្វើឲ្យម៉ូតូខ្ទាតផ្លោងទៅក្រោយ ទៅបុកនិងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1N-9540 បើកបរដោយបុរសម្នាក់ មកតាមពីក្រោយម៉ូតូរងគ្រោះខាងលើ បណ្តាលឲ្យក្រពឹតកាតាបូខាងមុខ។ ចំណែកឯម៉ូតូបានរងការខូចខាត ស្ទើរទាំងស្រុងរីឯជនរងគ្រោះ ដែលជាអ្នកបើកបរម៉ូតូ បានដួលអូសប្រមាណ១០ម៉ែត្រ បោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។
ដោយឡែករថយន្តបង្កបានបន្ថែមល្បឿន បើកគេចខ្លួនចេញពីកន្លែងកើតហេតុ ទាំងរងការខូចខាតក្រពឹតផ្នែកខាងមុខ តែក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ធ្វើការចាប់ឃាត់ភ្លាមៗនៅក្បែរនិងផ្សារបឹងបៃតង តាមបណ្ដោយផ្លូវបេតុងកែងនិងផ្លូវសម្តេចជាស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា អ្នកបើកបររថយន្តបង្កទាំងពីរនាក់ គឺជាជាងជួសជុលរថយន្តធ្វើការនៅក្នុងការ៉ាស់ជួសជុលរថយន្តមួយកន្លែង ម្ដុំរោងអតីតរង្វង់មូលទួលគោក។ មុនពេលកើតហេតុពួកគេទាំងពីរនាក់នោះ បាននាំគ្នាផឹកស៊ីនៅក្នុងការ៉ាស់ ដោយមានគ្នាចំនួន៦នាក់ បានផឹកស្រាថ្នាំអស់ចំនួន២លីត្រ។ លុះពេលស្រវឹងរៀងខ្លួនពួកគេទាំងពីរនាក់ បាននាំគ្នាយករថយន្តខាងលើ ដែលជារថយន្តរបស់ភ្ញៀវយកមកដាក់ជួសជុល នៅក្នុងការ៉ាសខាងលើ បើកចេញពីកន្លែងដើរលេងនៅខាងក្រៅ រួចក៏បង្កជាគ្រោះថ្នាក់តែម្ដង។
ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យកម៉ូតូនិងម៉ូតូកង់បីឥណ្ឌារថយន្តបង្ក រួមទាំងអ្នកបើកបររថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយតាមនីតិវិធី។
ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តកំពត៕
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment