ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អេង ទូច តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកនូវគ្រឿងឧបភោគបរិភោគ បន្ទះសូឡាប្រើប្រាស់ពន្លឺថ្ងៃ មានអំពូលភ្លើង ប្រេងឥន្ធនៈ និងថវិកាមួយចំនួន ប្រគល់ជូនឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈកម្មការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
ឯកឧត្តម ងួន រតនៈ បានរាយការណ៍អំពីសភាពការណ៍មួយចំនួន ពាក់ព័ន្ធនិងលទ្ធផល ដែលទទួលបានក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានអនុវត្តក្នុងរយៈពេលមួយខែក្នុងខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយទទួលបានជោគជ័យ គួរជាទីមោទនៈ និងបានគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម វង្សី វិស្សុតដែលបានជួយឧត្ថម្ភគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងថវិកា សម្រាប់បំពេញភារកិច្ចក្នុងកិច្ចសហប្រតិបត្តិការនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងអន្តរាគមន៍ និងតំណាងឲ្យកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលទាំង១៤ ដែលកំពុងបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តកំពង់ធំ។ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិសុ្សត និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាករបស់កងកម្លាំងចម្រុះ ក្នុងពេលបំពេញភារកិច្ច ។
ឯកឧត្តម អេង ទូច តំណាងឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តកំពង់ធំ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបម្ថែមទៀត ដែលត្រូវអនុវត្តបន្តផងដែរ។
No comments:
Post a Comment