នៅរសៀលថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានសភា បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារសំខាន់ ចំពោះកិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន។
ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសំដែងនូវក្តីរីករាយដែលបានជួប ឯកឧត្តមតាមប្រព័ន្ធវីដេអូ និង សម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតនៅប្រទេសអ៊ុយក្រែនអស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ថាកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង។
សម្តេចតេជោ បានរំលឹកពីការជួបសន្ទនាតាមទូរស័ព្ទចំនួន ២ដងជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសយើងទាំងពីរ ហើយក្នុងឪកាសនេះដែរ សម្តេចតេជោ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈ ឯកឧត្តម ប្រធានសភា ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ផងដែរ។
ឯកឧត្តម ប្រធានសភា បានអរគុណចំពោះ សម្តេចតេជោ នូវពាក្យពេចន៍ប្រកបដោយសម្មានចិត្ត និងកក់ក្តៅបំផុត ដល់ប្រជាជនអ៊ុយក្រែន និង បានបញ្ជាក់ថានឹងពាំនាំការសួរសុខទុក្ខ របស់សម្តេច ជូនដល់ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ។
ឯកឧត្តម ប្រធានសភា បានលើកឡើងនូវប្រធានបទចំនួន៣ ជូនសម្តេចតេជោ ៖
ទី១)ប្រទេសអ៊ុយក្រែនបានលើក១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និង សន្តិភាព និង អំពាវនាវឱ្យកម្ពុជាចូលរួមក្នុងរូបមន្តសន្តិភាពនេះ ។ ជាមួយគ្នានេះដែរ នៅពាក់កណ្តាលខែមិថុនាខាងមុខ នៅប្រទេសស្វីស នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដោយ ឯកឧត្តម រំពឹងថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលជាកូនប្រុសរបស់ សម្ដេចតេជោ នឹងអាចចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលមានសារៈសំខាន់សម្រាប់ អ៊ុយក្រែន និងពិភពលោក ។
ទី២)ការដោះមីន នៅអ៊ុយក្រែន គឺជាកិច្ចការសំខាន់ណាស់ ហើយកម្ពុជាគឺមានបទពិសោធន៍ដ៏មានតម្លៃមិនអាចថ្លៃបានក្នុងការដោះមីន។ ចំនុចនេះ ឯកឧត្តម ស្នើសុំការគាំទ្រពី សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង ទន្ទឹងរងចាំកម្ពុជា ចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែនផងដែរ ។
ទី៣) ក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន ឯកឧត្តម ប្រធានសភា បានអញ្ជើញ សម្តេចធិបតី នាយករដ្ឋមន្ត្រី ទៅបំពេញទស្សកិច្ចនៅអ៊ុយក្រែន និង សុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិង សូមគោរពអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីក្រុងគាវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែន។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានបញ្ជាក់ថា សម្តេច នឹងយករូបមន្ត១០ចំណុច ទៅពិចារណា។ ចំណែកការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេចទុកជូនរាជរដ្ឋាភិបាលសម្រេច ។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមានតួអង្គរុស្ស៊ី ។
សម្តេចតេជោ ក៏បានជម្រាប ឯកឧត្តម ប្រធានសភា ថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំង ឯកអគ្គរាជទូតកម្ពុជា ចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនាខាងមុខនេះ។
ពាក់ព័ន្ធនឹងបញ្ហាមីននៅអ៊ុយក្រែន ឯកឧត្តម ប្រធានសភា បានស្នើឱ្យមានអ្នកដោះមីនកម្ពុជា ទៅជួយនៅអ៊ុយក្រែន ។ សម្តេចបានមានប្រសាសន៍ថា សម្តេច មានការសោកស្តាយដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសារ រដ្ឋធម្មនុញ កម្ពុជា មិនអនុញ្ញាត ឱ្យបញ្ជូនកងកម្លាំងដោះមីន នៅក្រៅឆ័ត្រអង្គការសហប្រជាជាតិ ។ កម្ពុជា ធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន ។ សម្តេចបានបញ្ជាក់ថា កម្ពុជា នឹងពិនិត្យមើលលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀត ដោយសហការជាមួយនឹងជប៉ុន ។
ចំពោះការអញ្ជើញ សម្តេចតេជោទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន សម្តេចតេជោ បានមានប្រសាសន៍ សម្តេចនឹងផ្តល់ចម្លើយក្នុងពេលសមស្របណាមួយ ។
ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានជូនពរ ឯកឧត្តមប្រធានសភា អោយទទួលបានជោគជ័យក្នុងភារកិច្ចការងារ និងជាថ្មីម្តង សូមផ្ដាំផ្ញើការសួរសុខទុក្ខរបស់សម្តេច ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ផងដែរ៕
No comments:
Post a Comment