នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៤ ឯកឧត្តម ទ្រី ដាលុច អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី។
សិក្ខាសាលានេះក៏បានមានការអញ្ជើញចូលរួមពី ឯកឧត្តម យុន ហេង អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម ឌុច ចាន់តូ អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី, តំណាងសភាពាណិជ្ជកម្មខេត្ត, ពាណិជ្ជករ និងតំណាងមន្ទីរជំនាញចពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្ត សរុបចំនួន ៦៧រូប។
ជាកិច្ចស្វាគមន៍ ឯកឧត្តម ឌុច ចាន់តូ តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីសោមន្សរីករាយចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានជម្រាបអំពី លក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ សក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តរតនគិរី។
នៅក្នុងសុន្ទរកថាបើក ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងពីគោលបំណងចម្បងនៃសិក្ខាសាលានាថ្ងៃនេះ សំដៅបញ្ជ្រាប និងលើកកម្ពស់ការ យល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគប្រកបដោយតម្លាភាព ជាពិសេសនីតិវិធីនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនេះជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគីរី។
ឯកឧត្តមអគ្គលេខាធិការរង បានបន្តទៀតថាតាមរយៈច្បាប់ និងអនុក្រឹត្យនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវបានការពិនិត្យ និងសម្រេចលើការចុះបញ្ជី, ការផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការលុប, និង ការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូល នឹង ៥លានដុល្លារអាម៉េរិកចុះដែលនេះជាការពង្រីកដែនសមត្ថកិច្ចដល់អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្តផងដែល។ ឯកឧត្តមអគ្គលេខាធិការរងមានសង្ឃឹមយ៉ាងមុតមាំថាអង្គសិក្ខាកាមបានយល់ដឹងនូវសិក្ខាសាលាថ្ងៃនេះដើម្បី អនុវត្តនូវសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតី ទទួលខុសត្រូវខ្ពស់។
ជាកិច្ចបន្ត វាគ្មិនមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើបទបង្ហាញលើប្រធានបទចំនួន ០៤ ជូនដល់សិក្ខាកាម រួមមាន (១)ច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងនីតិវិធីពិនិត្យសំណើពាក់ព័ន្ធនឹងកិច្ចការច្បាប់នៃគម្រោងវិនិយោគ, (២)ការជំរុញទាក់ទាញ និងការផ្តល់កិច្ចសម្រួលវិនិយោគ, (៣)នីតិវិធីពិនិត្យសំណើសុំពាក់ព័ន្ធនឹងការចុះបញ្ជី, ការលើកទឹកចិត្តគម្រោងវិនិយោគ និង (៤)ការត្រួតពិនិត្យ ការវាយតម្លៃការអនុវត្តគម្រោង និងសេវាថែទាំវិនិយោគ។
ជាកិច្ចបញ្ចប់ សិក្ខាកាមចូលរួម បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងនូវការពេញយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕
No comments:
Post a Comment