ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៦០ អាណត្តិទី៣ នៅសាលាខេត្តកណ្តាល ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ការិយាល័យ ប្រជាពលរដ្ឋខេត្ត ដែលក្នុងពេលថ្មីៗទទួលបានចំណាត់ថ្នាក់លេខ២
ទូទាំងប្រទេស ក្នុងការបំរើសេវាល្អជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ឯកឧត្តម នូ សាខន ក៏បានលើកទឹកចិត្ត ដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបំរើសេវា ជូនប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ឱ្យទទួលបានលទ្ធផលល្អប្រសើរ មន្ទីរអង្គភាពទាំងអស់ត្រូវរួមសាមគ្គីគ្នាខិតខំធ្វើយ៉ាងណា ឱ្យខេត្តកណ្ដាលទទួលបានសមិទ្ធផលស្នាដៃថ្មីៗ និងទទួលចំណាត់ថ្នាក់ល្អក្នុងការការប្រកួតប្រជែងលើវិស័យនានា។
ថ្លែងក្នុងប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្ត ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវខិតខំធ្វើយ៉ាងណាបន្តពង្រឹងលើវិស័យអប់រំក្នុងខេត្ត ឱ្យទទួលបាន ចំណាត់ថ្នាក់ល្អ មានកំណើនសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងនិទ្ទេសA បានច្រើនជាងគេទូទាំងប្រទេស ជាពិសេសត្រូវខិតខំធ្វើឱ្យខេត្តកណ្ដាល មានវិទ្យាល័យ និង សាលាបឋមសិក្សា ជាប់ជាស្តង់ដាសាលារៀនគំរូឱ្យបានច្រើនផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹក ដល់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុក-ក្រុង ត្រូវត្រៀម និងរៀបចំផែនការ ឱ្យបានល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវខិតខំធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅបានរលូន។ ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារបង្ក្រាប និងបន្តតាមដាននូវរាល់មុខសញ្ញាបទស្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមមូលដ្ឋាន ជាងនេះទៅទៀត សមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំទប់ស្កាត់ឱ្យបានលើករណីគ្រឿងញៀន ។
No comments:
Post a Comment