សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរបរទេស ដែលបានរួមគ្នាញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចសារលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤យ៉ាងដូច្នេះ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន អ៊ំពូមីង តាយាយ ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទនភាពជាតិ»។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈ៤ថ្ងៃកន្លងទៅនេះ បាននាំមកនូវភាពសប្បាយរីករាយជាខ្លាំងសម្រាប់ប្រជាពលរដ្ឋ តាមរយៈការរៀបចំព្រឹត្តិការណ៍នានារបស់អាជ្ញាធរនៅទូទាំងប្រទេស។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា ភាពសប្បាយរីករាយនេះកើតមានទៅបាន អាស្រ័យលើកត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរជាដរាបតរៀងទៅ។
ក្នុងសារនេះ សម្តេចធិបតី ក៏បានប្រគេនពរដល់ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងជូនពរប្រជាពលរដ្ឋខ្មែរ ជួបប្រទះតែសុខភាពល្អ សុភមង្គល និងទទួលបានសិរីសួស្តីជោគជ័យគ្រប់ប្រការ ព្រមជាមួយពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
No comments:
Post a Comment