នៅព្រឹកថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនទៀត បន្តអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក កម្ពុជា-ថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួនពីរទីតាំងរួមមាន :
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ នៃស្រុកកំរៀង
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៃស្រុកសំពៅលូន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមចំណែកក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចចូលរួមចំណែកការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ។
ឯកឧត្តមបានបន្តទៀតថា ក្នុងករណីមានភាពមិនប្រក្រតីណាមួយដែលមានការលេចឡើងនៅព្រំដែនរបស់ខ្លួន ត្រូវប្រញាប់រួសរាន់ក្នុងការដោះស្រាយជាបន្ទាន់ ដោយមិនត្រូវបណ្ដែតបណ្ដោយអូសដំណើរឲ្យយូរឡើយ ដើម្បីកុំពិបាកក្នុងការដោះស្រាយខាងមុខទៀត។ ឯកឧត្តមបានបន្ត ណែនាំដល់កងកម្លាំងទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ជាប់ជានិច្ច ជាពិសេសបញ្ហាគ្រឿងញៀន ដំបូងគឺបញ្ហាផ្ទៃក្នុងរបស់យើងដោយដាច់ខាតត្រូវគេចឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន តាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា បើសិនបើនៅក្នុងអង្គភាពរបស់ខ្លួនមានអ្នកជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន គឺមិនទុកឲ្យបម្រើការងារជាមន្រ្ដីនគរបាលបន្តទៀតនោះទេ ដូចនេះមេបញ្ជាការត្រូវតែខិតខំសហការ និងដោះស្រាយអំពីបញ្ហានេះ ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន មិនថាក្របខ័ណ្ឌស៊ីវិល ឬកងកម្លាំងឡើយ។
ឯកឧត្តម បានធ្វើការកោតសរសើរ ដល់កងកម្លាំងទាំងអស់ ក្នុងការចូលរួមជួយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងបានជំរុញដល់ប្រជាពលរដ្ឋឲ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ បូករួមទាំងបានចូលរួមជួយការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ និងចូលរួមជួយក្នុងការនាំយកពលករខុសច្បាប់មកប្រទេសវិញ ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា
-ភេសជ្ជៈចំនួន៣០កេស
-ទឹកសុទ្ធ៥០កេស
-នំអន្សមជ្រូក១ស្លឹក
-សាច់ជ្រូកស្រស់ ៦០គីឡូក្រាម
-បន្លែស្រស់៥០គីឡូក្រាម
-ម៉ាស់២០ប្រអប់
-អាកុល៦០លីត្រ
-និងថវិកា៦លានរៀល
ជូនដល់កងកម្លាំងខាងលើ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕
No comments:
Post a Comment