កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦ម៉០០នាទី នៅក្នុងបន្ទប់ជួលលេខ៥B ផ្ទះលេខ៩ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ឈ្មោះ ទុំ ស ភេទ ស្រី អាយុ ៣០ឆ្នាំ (ជាអ្នកស្នាក់នៅបន្ទប់ជួលលេខ៩) បានធុំក្លិនស្អុយចេញពីក្នុងបន្ទប់ជួលលេខ៥B ខាងលើហើយមានចាក់សោរទ្វារពីខាងក្រៅ ក៏ទៅប្រាប់ឈ្មោះ ជឹម ស៊ីណាត ភេទ ស្រី អាយុ ៣៨ ឆ្នាំ (ជាអ្នកគ្រប់គ្រងផ្ទះជួល) ឲ្យបានដឹង ភ្លាមៗនោះឈ្មោះ ជឹម ស៊ីណាត បានរាយការណ៍មកប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ និងអាជ្ញាធរសាលាសង្កាត់ស្ទឹងមានជ័យទី៣ ចុះមកបង្កើតគណៈកម្មការគាស់សោរបន្ទប់ខាងលើចូលមើលឃើញសាកសពមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ដេកស្លាប់លើឥដ្ឋការ៉ូក្នុងបន្ទប់ដោយមានសភាពហើមស្អុយ បន្ទាប់មកកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យមើលសាកសពហើយសន្និដ្ឋានថាសព ស្លាប់ដោយការខ្ទប់ច្រមុះ និងមាត់បណ្តាលឲ្យថប់ដង្ហើមស្លាប់ រហូតវេលាម៉ោង ២៣ម៉១០នាទី ថ្ងៃដដែល ឈ្មោះ ខុម សុភី ភេទ ប្រុស អាយុ ២២ឆ្នាំ បានមកពិនិត្យមើលសាកសពនៅក្នុងវត្តស្ទឹងមានជ័យ ដោយអះអាងថាសពខាងលើជាប្អូនប្រុសរបស់ខ្លួនឈ្មោះ ខុម វ៉ាន់ឌី ភេទ ប្រុស អាយុ ២១ឆ្នាំ ពេលនោះសមត្ថកិច្ចយើងបានប្រគល់សាកសពជនរងគ្រោះឲ្យទៅឈ្មោះ ខុម សុភី យកទៅធ្វើបុណ្យនៅឯស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ លុះមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៧ម៉៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ភូ សៀវឡាង ហៅ លាង ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅចំណុចភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចបញ្ជូនយកមកសាកសួរបន្តនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ នៃអធិការរដ្ឋាននគរបាលខណ្ឌមានជ័យ ទើបជនសង្ស័យឈ្មោះ ភូ សៀវឡាង ហៅ លាង បានឆ្លើយសារភាពថារូបគេ និងបក្ខពួកម្នាក់ទៀតឈ្មោះ ទី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៥ម៉០០នាទី ពិតប្រាកដមែន ដោយរូបគេទាំង០២នាក់ខាងលើបានរៀបចំផែនការរយៈពេល ០២ថ្ងៃមុន ដោយដាក់ថ្នាំងងុយដេកចូលក្នុងភេសជ្ជៈ អូអ៉ីឈីក ឲ្យទៅជនរងគ្រោះផឹក ហើយនៅពេលជនរងគ្រោះដេកលង់លក់ជនសង្ស័យឈ្មោះ ភូ សៀវឡាង ហៅ លាង បានរុញជនរងគ្រោះឲ្យដេកផ្គាប់មុខរួចឡើងទៅអង្គុយពីលើកំប៉េះគូទហើយយកដៃទៅសង្កត់ជើងជនរងគ្រោះទាំងសងខាង ចំណែកជនសង្ស័យឈ្មោះ ទី បានយកជើងទៅជាន់ដៃជនរងគ្រោះទាំងសងខាង រួចយកដៃទៅសង្កត់ក្បាលជនរងគ្រោះផ្ទប់នឹងតុក្កតារហូតដល់ថប់ដង្ហើមស្លាប់ មូលហេតុជនសង្ស័យឈ្មោះ ទី ប្រច័ណ្ឌរូបគេជាមួយជនរងគ្រោះ ទើបបង្ខំឲ្យរួមដៃសម្លាប់ជនរងគ្រោះ ចំណែកម៉ូតូរបស់ជនរងគ្រោះ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ (មិនចាំស្លាកលេខ និងឆ្នាំផលិត) ត្រូវបានជនសង្ស័យឈ្មោះ ភូ សៀវឡាង ហៅ លាង និងឈ្មោះ ទី យកទៅបញ្ចាំឲ្យបុរសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល ៣០ឆ្នាំនៅម្តុំឃ្លាំងរំសែវបានលុយចំនួន ៦០០ដុល្លារអាមេរិក (សម្រាប់ធ្វើមធ្យោបាយគេចខ្លួន) ដោយជនសង្ស័យឈ្មោះ ភូ សៀវឡាង ហៅ លាង បានលុយចំនួន២០០ដុល្លារអាមេរិក ហើយឈ្មោះ ទី បានលុយចំនួន ៤០០ដុល្លារអាមេរិក ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ទី បានរត់គេចខ្លួនបាត់ បន្ទាប់មកនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យឈ្មោះ ភូ សៀវឡាង ហៅ លាង ទៅចង្អុលបង្ហាញរកម៉ូតូរបស់ជនរងគ្រោះនៅម្តុំឃ្លាំងរំសែវតែរកមិនឃើញ ។
ជនសង្ស័យឈ្មោះ ភូ សៀវឡាង ហៅ លាង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមុខរបរ អ្នកបកប្រែភាសាចិន ។ (គ្មានផ្ទុកសារធាតុញៀន)
ជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៥B ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកដឹកជញ្ជូនអីវ៉ាន់ ។
វត្ថុតាងចាប់យក : ទូរស័ព្ទដៃ ០១គ្រឿងម៉ាក អាយហ្វូនសេវេន ពណ៌ទឹកមាស គ្មានស៊ីមកាត និងប្រមូលចាប់យកវត្ថុតាងដូចជា : អាវរងាដៃវែង ពណ៌ខ្មៅចំនួន ០១ កន្សែងពោះគោ ពណ៌សចំនួន ០១ វ៉ាលី ពណ៌ទឹកប្រាក់ចំនួន ០១(ក្នុងមានសំលៀកបំពាក់មួយចំនួន) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ខុម វ៉ាន់ឌី ចំនួន ០១សន្លឹក លិខិតឆ្លងដែនឈ្មោះ ខុម វ៉ាន់ឌី ចំនួន ០១ក្បាល និងក្រដាសជីវប្រវត្តិសង្ខេបរបស់ឈ្មោះ ខុម វ៉ាន់ឌី ចំនួន ០១សន្លឹក ។
បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ភូ សៀវឡាង ហៅ លាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។
No comments:
Post a Comment