នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៩៖០០នាទី នៅបន្ទប់ទទួលភ្ញៀវលេខ៣ សាលាខេត្តបានរៀបចំពិធីជួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងថ្នាក់ដឹកនាំខេត្តសៀមរាបជាមួយនឹងប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដឹកនាំដោយ លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក ហ្គាវ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដោយមានការចូលរួមពីលោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និងសហការី។
លោក អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេលពីរឆ្នាំនេះខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាបានជួបនូវការធ្លាក់ចុះនៃសេដ្ឋកិច្ច ជាពិសេស ខេត្តសៀមរាបយើងនេះមានវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ និង វិស័យកសិកម្ម បានជួបការប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបាត់បង់ការងារស្ទើរតែទាំងស្រុង។ ជាមួយគ្នានេះ លោក អភិបាលរងខេត្ត ក៏បានមានប្រសាសន៍បន្ថែមថា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តសៀមរាប មានរៀបចំកម្មវិធីសៀមរាបសង្រ្កាន្ត ដេីម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងខេត្តសៀមរាប ព្រមទាំងអាចអោយបងប្អូនអាជីវករអាចរកចំណូលបានផងដែរ។
សូមបញ្ជាក់ផងដែរថា ខេត្តសៀមរាបជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខនឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ ទាំងនេះពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបទៀតផង ហើយទីក្រុងឆ្លាតវៃនេះគឺ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាននាពេលខាងមុខនេះ។
កន្លងមក ខេត្តសៀមរាប ក៏មានទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរវាងខេត្តមួយចំនួននៃប្រទេសជប៉ុន ដែលធ្លាប់បានចុះអនុស្សរណៈជាមួយគ្នានាពេលកន្លងមក ពិសេស JICA បានផ្តល់នូវសមត្ថផលមួយចំនួនដូចជា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ក្រោមឥណទានដោយមានទឹកប្រាក់វិនិយោគសរុបប្រមាណ ៩០លានដុល្លារអាមេរិក គ្របដណ្តប់លើការងារសាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតថ្មីមួយទៀត ដែលមានសមត្ថភាពផលិតទឹកស្អាត ៦០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្ថិតក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និងការសាងសង់បំពង់មេនាំទឹក និងចែកចាយទឹកស្អាត ប្រវែងសរុប ១៩៦គីឡូម៉ែត្រ និងរដ្ឋាភិបាលជប៉ុនបានជួយជួសជុលប្រាង្គប្រាសាទនានា ក្នុងខេត្តសៀមរាប ជាពិសេស ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តផងដែរ៕
No comments:
Post a Comment