ខេត្តកែប, រសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំលោកស្នងការរង នាយការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី សៀង ប៊ុណ្ណារ័ត្ន ស្នងការរងនគរបាលខេត្តកែប ដែលបានទទួលមរណភាពដោយរោគាពាធ និងត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី តាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូរ ខេត្តកំពត។
នាឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ថ្លែងថា: ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលខេត្តកែបទាំងអស់ និងក្នុងនាមលោកផ្ទាល់ សូមសំដែងនូវមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជាមួយនិងក្រុមគ្រួសារសពផងដែរ។
លោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយ-នាយរង និងមន្ត្រីនគរបាលខេត្ត បានគោរពវិញ្ញាណក្ខន្ធ និងបានរំលឹកពីស្នាដៃរបស់លោកឧត្តមសេនីយ៍ត្រី សៀង ប៊ុណ្ណារ័ត្ន ដែលបានបំរើការងារ លោកតែងតែយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចបំរើជាតិមាតុភូមិ ហើយក៏បានបន្សល់ទុកនូវស្នាដៃសម្រាប់ ឲ្យកងកម្លាំងនគរបាលខេត្តកែបជំនាន់ក្រោយយកគំរូតាមផងដែរ។
ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាននាំយកលិខិតរំលែកមរណ:ទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្តកែប ព្រមទាំងនាំយកថវិការបស់ថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំងនគរបាលខេត្ត ចំនួន៣,០០០,០០០រៀល ,គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ដើម្បីឧបត្ថម្ភក្នុងពិធីបុណ្យផងដែរ។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ ស្នងការ ក៏បានចាត់តាំងមន្ត្រីកងកំលាំងដើម្បីចូលរួមកំដនិងជួយដង្ហែរសពរហូតដល់ចប់រួចរាល់៕
No comments:
Post a Comment