(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋចំនួន ៣៩០គ្រួសារ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន ខិតខំពន្លឿនការចុះធ្វើប្លង់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឥឲ្យបានឆាប់រហ័ស នៅតំបន់វិនិច្ឆ័យតំបន់អភិរក្សសត្វខ្សឹប និង សហគមន៍ព្រៃឈើ ដែលបានគ្រប់ដណ្តប់លើ ភូមិកំពឺត រួមជាមួយដីស្រែប្រជាពលរដ្ឋទាំងស្រុង និងភូមិផ្សេងៗទៀតក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ដើម្បីស្មើសុំគោលការណ៍ទៅប្រមុខរដ្ឋាភិបាលបន្តទៀត ក្នុងការកាត់ឆ្វៀលជូនប្រជាពលរដ្ឋ។
ប្រសាសន៍នេះ ត្រូវបានឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងនៅក្នុងពិធី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យតំបន់អភិរក្សសត្វខ្សឹបក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តមបន្ថែមទៀតថា ដើម្បីឲ្យដំណើរការនៃការចុះធ្វើប្លង់កម្មសិទ្ធិដីធ្លីនេះបានទៅដោយរលូន សូមមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ត្រូវចុះស្រង់ទិន្ន័យជាក់លាក់អំពីចំនួនគ្រួសារ ចំនួនផ្ទៃដីជាក់ស្តែងដែលបានកំពុងអាស្រ័យផល ជាពិសេសទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ចូលរួមសហការ ក្នុងបង្ហាញទីតាំងដី និងព្រំដី ឲ្យបានច្បាស់លាស់ ជៀងវាងមានបញ្ហានៅថ្ងៃក្រោយ។
ចុងក្រោយឯកឧត្តម ងួន រតនៈ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំទន្ទ្រានដីព្រៃនៅក្នុងតំបន់អភិរក្សសត្វខ្សឹបបន្តទៀត ចូលរួមថែរក្សាព្រៃសហគមន៍ឲ្យបានគង់វង្ស និងមិនត្រូវជឿតាមការញុះញ៉ុងរបស់ជនអគតិមួយចំនួនឡើយ៕
No comments:
Post a Comment