អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ដែលឈរជើង នៅស្នាក់ការត្រពាំងធ្មា ក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក - BNP

Breaking

Monday, April 25, 2022

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ដែលឈរជើង នៅស្នាក់ការត្រពាំងធ្មា ក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក

មណ្ឌលគិរី៖ នាថ្ងៃអាទិត្យទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូនានា និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត ដែលឈរជើងនៅស្នាក់ការត្រពាំងធ្មា ក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដល់បងប្អូនមន្រ្តីឧទ្យានុរក្ស និងមន្រ្តីរួមសហការទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចដើរល្បាត ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិនានាក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី រួមទាំងការជំរុញនិងលើកទឹកចិត្តដល់បងប្អូនទាំងអស់ ជាពិសេស ការរក្សានូវសាមគ្គីភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានណែនាំដល់មន្រ្តីឧទ្យានុរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមចំណែក នូវកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ជាពិសេស ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប្រសើរឡើង។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ ដល់មន្រ្តីជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ការចុះបង្ក្រាប និងទប់ស្កាត់ នូវបទល្មើសនានា ដូចជាការ៖ កាប់រុករានដីព្រៃព្រៃឈើ យកធ្វើជាកម្មសិទ្ធិ ការបរបាញ់សត្វព្រៃ និងបទល្មើសផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ការប្រើប្រាស់ធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព។

លោក ប៉ែន ភក្រ្តា នាយកដែនជម្រកសត្វព្រៃស្រែពក បានឲ្យដឹងថា ដែនជម្រកសត្វព្រៃស្រែពក បានចេញអនុក្រិតបង្កើតឡើង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ដែលមានផ្ទៃដីសរុប ៣៧២.៩៧១ហិកតា បែកចែកជា ៤តំបន់ រួមមាន៖ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍។ លោក បញ្ជាក់ថា ស្នាក់ការប្រចាំការមានចំនួន ១១ស្នាក់ការ ក្នុងនោះមានស្នាក់ការធំសម្រាប់បណ្តុះបណ្តាល ១កន្លែង មានមន្រ្តីឧទ្យានុរក្សចំនួន ១៩នាក់ ភ្នាក់ងារល្បាត ២៦នាក់, មធ្យោបាយ មានទូក ៦គ្រឿង ម៉ូតូ ៣៦គ្រឿង និងវិទ្យុទាក់ទង ៤កន្លែង និងបានចុះបង្ក្រាប ទប់ស្កាត់ នឹងរឹបអូសបទល្មើសជាច្រើនករណី និងបញ្ចូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមនិតីវិធីច្បាប់។

នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ក្នុងដែនជម្រកសត្វព្រៃស្រែពក សម្រាប់ដោះស្រាយការហូបចុកផងដែរ៕







 

No comments:

Post a Comment

Pages