នារសៀលថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្ដមរដ្ឋលេខាធិការ និងប្រតិភូក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាល និងប្រធានក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីរាជការសាលាខេត្ត សរុប ២៦៥រូប។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានរាយការណ៍អំពីលទ្ធផលនៃដំណើរការសន្និបាត និងគូសរំលេចអំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន ជាពិសេសការងារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការងារផ្ដល់សេវាសាធារណៈ វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម ការងារវិនិយោគ ព្រមទាំងបញ្ជាក់ជូនពីបញ្ហាប្រឈម និងទិសដៅការងារដែលរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់អនុវត្តបន្តនៅក្នុងឆ្នាំ២០២២នេះ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួ នាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ទន្ទឹមនោះបានខិតខំចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជាបន្តបន្ទាប់ ជាពិសេស ការចូលរួមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។
ផ្អែកលើបញ្ហាប្រឈមជាសកលខាងលើនេះ និងផ្អែកតាមទិសដៅការងារឆ្នាំ២០២២ ដែលបានឯកភាពគ្នាក្នុងអង្គសន្និបាតនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះ សំខាន់ៗសម្រាប់អនុវត្តបន្ត ចំនួន ៩ចំណុច រួមមាន ទី១. ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទី២. ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទី៣. ការគ្រប់គ្រង ធនធានធម្មជាតិ និងការដោះស្រាយ វិទាទដីធ្លី ទី៤. ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន ទី៥. ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ទី៦. ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ទី៧. ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ទី៨. ការពង្រឹងការអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងទី៩. ការពង្រឹងរបៀបរបបការងារ៕
No comments:
Post a Comment