អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ - BNP

Breaking

Monday, March 28, 2022

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ

ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឡេង ផាលី ជាប្រធានប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង។


លោកជំទាវអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពប្រជាពលរដ្ឋ បានបង្ហាញនូវសមត្ថភាព និងឆន្ទៈដ៏មុតស្រួចក្នុងការឆ្លើយតបតាមគ្រប់មធ្យោបាយដើម្បីបង្ការ និងគ្រប់គ្រងការចម្លងរាតត្បាតក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការសមស្រប និងចាំបាច់នានាបានទាន់ពេលវេលា។ 


ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវយន្តការ និងបទដ្ឋានគតិយុត្តនានាជាច្រើន ដើម្បីបម្រើដល់ការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កូវីដបំប្លែងថ្មី អូមីក្រុង និងជំងឺកាចសាហាវផ្សេងៗ ដោយមានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាតួអង្គសំខាន់មួយ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងជនបរទេសដែលកំពុងរស់នៅ និងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។ 


ក្រៅពីនេះក៏នៅមានតួអង្គសំខាន់ជាច្រើនទៀតក្នុងបេសកកម្មជួយសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងអំឡុងវិបត្តិកូវីដ-១៩ ដូចជា៖  

-ឯកឧត្តម លោកជំទាវវេជ្ជបណ្ឌិត និងសហការីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកជំទាវ ពេជ្រ ច័ន្ទមុន្នី 

- ឯកឧត្តម លោកជំទាវវេជ្ជបណ្ឌិត និងសហការី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី  

- ឯកឧត្តម លោកជំទាវវេជ្ជបណ្ឌិត និងក្រុមការងារគ្រូពេទ្យក្រសួងការពារជាតិ 

- ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងក្រុមការងារគ្រូពេទ្យរាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ យុវេជន សិស្សានុសិស្ស រួមជាមួយ វិស័យឯកជន ដែលបានដើរតួដ៏សំខាន់ក្នុងការងារនេះ ហើយជាពិសេសគឺការចូលរួមយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ។


ឆ្លៀតឱកាសនេះ នាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដែលតែងតែចង្អុលបង្ហាញ ផ្តល់អនុសាសន៍ដឹកនាំ និងការគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។ ការងារចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ៗ ដែលរដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម តាមគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ “ផែនការយុទ្ធសាស្រ្តជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គមនៅកម្ពុជាក្នុងឆ្នាំ២០២១” ដោយអនុវត្តតាមអភិក្រម “ផ្ការីក”។ រដ្ឋបាលខេត្តកោះកុង បានអនុវត្តផែនការជាជំហានៗ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម ៖ *ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ចំនួន ៩៧.០៩៩នាក់  ស្រី ៤៦.០៨៤ នាក់ ស្មើនឹង ១០៥,៧៤% ធៀបនឹងផែនការគោលដៅ *កុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានចំនួន ១៥.៩២៣នាក់ ស្រី ៧.៦៩៨នាក់ ស្មើនឹង ៩៨,១៤% ធៀបនឹងផែនការគោលដៅ *កុមារអាយុ៦ឆ្នាំ ទៅ១២ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន ១៧.០៥៧នាក់ ស្រីចំនួន ៨.៣៣៩នាក់ និងកុមារអាយុ៣ឆ្នាំ ដល់៥ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន ៥.៦២៣នាក់ ស្រីចំនួន ២៧៨៩នាក់ *មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្ត ក៏បានទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ចំនួន ៧៤.៩៣៨នាក់ ស្រីចំនួន ៣៥.៤៩៦ នាក់។ ហើយក៏បានទទួលការចាក់វ៉ាក់សាំងដូសទី៤ ចំនួន ៦.០៣៥នាក់ ស្រីចំនួន១.៩៦៤នាក់ ហើយក្រុមការងារគ្រូពេទ្យខេត្ត ស្រុក មណ្ឌលសុខភាពឃុំ និងប៉ុស្តិ៍សុខភាព ក៏នៅតែកំពុងបន្តដំណើរការចាក់វ៉ាក់សាំងជូនប្រជាជនរាល់ថ្ងៃផងដែរ។ 

ឯកឧត្តម លោកជំទាវ គណៈអធិបតី អង្គពិធីទាំងមូល ជាទីមេត្រី! លទ្ធផលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង សម្រេចបានលទ្ធផលខ្ពស់នាពេលនេះ គឺអាស្រ័យដោយការខិតខំប្រឹងប្រែង តស៊ូ លះបង់កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ និងការចូលរួមពីអ្នកពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋផ្ទាល់ ដែលបានចូលរួមដោយស្ម័គ្រចិត្តមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។


ឆ្លៀតឱកាសនេះ ខ្ញុំសូមសម្តែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យ និងក្រុមការងារនៃក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យ រួមទាំងបុគ្គលិកសុខាភិបាល នៃរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ ប្អូនៗយុវជន ស.ស.យ.ក. យុវជនកាកបាទក្រហម កាយរិទ្ធិ សិស្សានុសិស្ស និងក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការជួយឱ្យដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយភាពជោគជ័យជាមួយនឹងលទ្ធផលគួរជាទីមោទនៈ ។ ទន្ទឹមនឹងលទ្ធផលចាក់វ៉ាក់សាំងគួរជាទីមោទនៈ យើងក៏មិនត្រូវភ្លេចអំពីការអនុវត្តតាមវិធានសុខាភិបាលនានា ព្រោះថាវ៉ាក់សាំងអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកមន្ទីរពេទ្យ និងអត្រាមរណភាព ប៉ុន្តែមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ នៅតែអាចបំប្លែងខ្លួន វិវឌ្ឍន៍ខ្លួន ទៅជាប្រភេទផ្សេងៗដូចជា អាល់ហ្វា ដែលតា និងអូមីក្រុងជាដើម ហើយថែមទាំងមានឱកាសក្នុងការឆ្លងចូលមកក្នុងខ្លួនយើង ហើយយើងក៏អាចជាភ្នាក់ងារចម្លងមេរោគនេះទៅអ្នកដទៃ មនុស្សជុំវិញខ្លួន និងសហគមន៍។ ខ្ញុំក៏សូមជម្រាបជូនផងដែរថា នៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ក៏មានអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នៅខេត្តកោះកុងសរុបចំនួន ៦៧នាក់ ស្រី ៤២នាក់ ក្នុងនោះ ស្លាប់ដោយ Delta ក៏មាន ៨នាក់ផងដែរ ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់ ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង និងអ្នកខ្លះបានចាក់វ៉ាក់សាំងត្រឹមដូសទី១ និងមានជំងឺប្រចាំកាយ។ រីឯអ្នកដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ពេលដែលកើតកូវីដគឺមិនធ្ងន់ធ្ងរ និងមិនប៉ះពាល់ដល់អាយុជីវិតទេ ព្យាបាលក៏ឆាប់ជាសៈស្បើយទៀតផង។ ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន “៣ការពារ និង ៣កុំ”។ ការអនុវត្តវិធានការនេះ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងនេះ។ ដូចនេះសូមអ៊ុំប្រុសអ៊ុំស្រី ពូមីង បងង្អូន ក្មួយៗទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជាប្រចាំ ដើម្បីការពារបាននូវរាល់ការឆ្លងជំងឺគ្រប់ប្រភេទ ហើយបន្តិចទៀតនេះ ក្រុមគ្រូពេទ្យនឹងចាប់ផ្តើមពិនិត្យ ព្យាបាលជំងឺរបស់អ៊ុំពូមីង បងប្អូន និងក្មួយៗទាំងអស់ និងសូមចូលរួមសហការឱ្យបានល្អដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ អាចវិនិច្ឆ័យប្រភេទជំងឺ និងរោគសញ្ញាសង្ស័យបានច្បាស់លាស់ និងផ្តល់ថ្នាំជូនបានត្រូវនឹងជំងឺ ប្រកបដោយប្រសិទ្ធភាព។ ជាថ្មីម្តងទៀតមុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន របស់ ឯកឧត្តម ឡេង ផាលី ជាប្រធានប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តុម ហ៊ុន ម៉ានី ដែលបានចំណាយពេល អញ្ជើញផ្តល់ជាកិត្តិយសក្នុងពិធីផ្សព្វផ្សាយអំពីការបង្ការជំងឺកូវីដ-១៩ និងវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងការពិនិត្យ ព្យាបាលជំងឺទូទៅជូនប្រជាជនដោយឥតគិតថ្លៃ នាឱកាសនេះ។ ទន្ទឹមគ្នានេះខ្ញុំក៏សូមថ្លែងអំណរគុណជាទីបំផុតដល់ ឯកឧត្តម លី ថាវ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនយូញៀន ឌីវើឡុបមែនគ្រុប ខូ.អឹល.ធី.ឌី និងជាទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងតែគាំទ្រ នូវរាល់កម្មវិធីក៏ដូចជាសកម្មភាពនានារបស់រដ្ឋបាលខេត្ត ពិសេស ឯកឧត្តម បានឧបត្ថម្ភនូវបន្ទប់ស្នាក់នៅប្រកបដោយផាសុកភាពចំនួន ១០០បន្ទប់ ជូនដល់ ឯកឧត្តម លោកជំទាវវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារខេត្ត លើសពីនេះថែមទាំងបានហ្វ្រី (Free) វីឡាចំនួន៣ ដោយឥតគិតថ្លៃ សម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូជាស្ត្រីស្នាក់នៅរយៈពេលមួយយប់ប្រកបដោយភាពរីករាយ និងប្លែកអារម្មណ៍៕







 

No comments:

Post a Comment

Pages