នារសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយ រៀបចំប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ព្រះតេជគុណ ប៊ុន ណេង ព្រះចៅអធិការវត្តឥន្ទញ្ញាណ (វត្តក្រោម) បានមានសង្ឃដីកាឱ្យដឹងថា បុណ្យមាឃបូជាប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើឡើងនៅតាមទីវត្តអារាមនានានៅទូទាំងប្រទេសដោយមានការសហការ សាមគ្គីគ្នារបស់ពុទ្ធបរិស័ទ និងព្រះសង្ឃរៀបចំកម្មវិធីនេះឡើង នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន និងបានបំពេញបុណ្យកុសលតាមសុទ្ធាជ្រះថ្លារៀងខ្លួន ក្នុងការប្រារព្ធពិធីបុណ្យមាឃបូជា។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា បុណ្យមាឃបូជា ជាពិធីបុណ្យមួយដ៏មានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា។ បុណ្យមាឃបូជាប្រារព្ធធ្វើឡើង ដើម្បីរម្លឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅក្នុងប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុន គ.ស នាថៃ្ង ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា បុណ្យមាឃបូជា បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងតែងតែនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ភាពសុខសាន្តទាំងខាងផ្លូវកាយ ផ្លូវចិត្ត និងស្មារតីប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដោយប្រកាន់ភ្ជាប់នូវអំពើល្អ ប្រកបដោយសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណវប្បធម៌ជាតិខ្មែរឱ្យនៅគង់វង្សយូអង្វែង។
សូមរម្លឹកថា ពិធីបុណ្យមាឃបូជាមានការនិមន្តព្រះសង្ឃផ្តល់ឱវាទអប់រំផ្លូវចិត្ត ធ្វើសមាធិដល់ពុទ្ធបរិស័ទ និងការបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានប្រគេនបច្ច័យដល់វត្តឥន្ទញ្ញាណ (វត្តក្រោម) ៥លានរៀល អង្ករ ២០០គីឡូក្រាម ទឹកក្រូច ២០កេស ទឹកសុទ្ធ ២០កេស និងម៉ាស ២,៥០០ម៉ាស៕
No comments:
Post a Comment