នៅរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ ប្រារព្ធធ្វើនៅមជ្ឃមណ្ឌលមង្គលសេដ្ឋាច័ន្ទ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ទោះប្រឈមនឹងហានិភ័យនៃជំងឺកូវីដ-១៩ ក្តី ប៉ុន្តែទឹកចិត្ត ឆន្ទៈ សេចក្ដីក្លាហាន និងស្មារតីទំនួលខុសត្រូវរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប បានបង្ហាញយ៉ាងច្បាស់ពីការលះបង់ សុខសុវត្ថិភាព អមដោយស្មារតីរួមសុខទុក្ខជាមួយប្រជាជន និង ប្រជាជាតិនៅគ្រប់កាលៈទេសៈ ហើយសកម្មភាពដែលសមាជិក សមាជិការបស់យើងគ្រប់ៗរូប បានចូលរួម គឺសម្រេចបានជាបន្តបន្ទាប់ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់បំផុតរបស់រចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា គ្រប់រូប។
ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានីក៏បានឆ្លុះបញ្ចាំងពីដំណើរឆ្ពោះទៅមុខ ដោយមានប្រសាសន៍យ៉ាងដូច្នេះថា៖
«បើទោះជាក្តីស្រមៃ ផ្នត់គំនិត និងការអនុវត្តរបស់យើងជាបុគ្គលម្នាក់ៗ តែងមានភាពខុសគ្នា តែយើងត្រូវខិតខំធ្វើយ៉ាងណាបណ្តុះ និងកសាងការឯកភាពលើទស្សនៈជាខ្មែរ សម្រាប់ចក្ខុវិស័យវែងឆ្ងាយរបស់សង្គមកម្ពុជា»៕
No comments:
Post a Comment