រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំ ពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) - BNP

Breaking

Monday, January 3, 2022

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំ ពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)

ព្រឹកថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។ កិច្ចប្រជុំធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីត្រៀមលក្ខណសម្រាប់ទទួលប្រតិភូអន្តរជាតិ ជាថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ ដោយមានការចូលរួមពីមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច ក្រុម ការងារជំនាញពាក់ព័ន្ធ និងក្រុមការងារ នៃរដ្ឋបាលខេត្តព្រះសីហនុ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


អង្គប្រជុំបានបញ្ជាក់ថា ការងារត្រៀមរៀបចំ ATF 2022នេះសម្រេចបានប្រមាណ ៩០%ហើយ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗត្រូវបានកំណត់ និងរៀបចំឡើងជាបណ្តើរៗស្របតាមវិធានសុវត្ថិភាព។ មកដល់ពេលនេះមាន ការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍ឣាស៊ានទាំងអស់ និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន ១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន ១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន១០៧ ក្រុមហ៊ុន មកពី ៣៥ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ (International Buyers) ចំនួន ១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន ៧ក្រុមហ៊ុន។ 


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ដោយមានការគាំទ្រយ៉ាងមុតមាំពីប្រទេសជាសមាជិកអាស៊ានទាំងអស់ អាស៊ានបូក និងផ្នែកឯកជន ដែលទទួលបានការចុះឈ្មោះ និងការបញ្ជាក់ពីការចូលរួមលើសពីការរំពឹងទុកក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ- ១៩ ដែលបន្តមាននៅឡើយ។   


ឯកឧត្តម ថោង ខុន បានធ្វើការណែនាំ និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាឱ្យបាននូវការរៀបចំកិច្ចប្រជុំ និងសកម្មភាពនានា នៃព្រឹត្តការណ៍អន្តរជាតិនេះប្រកបដោយសុវត្ថិភាព ស្របតាមនីតិវិធីស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល និងនីតិ វិធីស្តង់ដាតាមគោលដៅទេសចរណ៍ (SOP) របស់រដ្ឋបាលខេត្តព្រះសីហនុ។


ឯកឧត្តម ថោង ខុន បានបន្តថា ឣំឡុងពេល នៃវេទិកាទេសចរណ៍អា ស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថា ប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋ មន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ច ប្រជុំអាស៊ានបូកមួយ (អាស៊ាន- ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ច ប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន (ASEANTA Meetings) និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ក៏នឹងមានកម្មវិធីដាំដើមឈើនៃការចងចាំការចូលចតនៃនាវាទេសចរណ៍ MS Westerdam កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ASEAN Ministers' Golf Tournament) និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ (Island Tour) ដែលជាការបោះជំហានដ៏ធំមួយបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ។


ឯកឧត្តម ថោង ខុន បានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននឹងយកឱកាសនេះ ប្រកាសបើកទេសចរណ៍ក្នុងតំបន់របស់ខ្លួនឡើង វិញចេញពីប្រទេសកម្ពុជាតែម្ដង។ ឯកឧត្តម គួច ចំរើន ទទួលនូវអនុសាសន៍របស់ឯកឧត្តម ថោង ខុន នឹងធានារៀបចំការងារការពារសុវត្ថិភាពសុខាភិបាលជូនគណៈប្រតិភូមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងពេលមកដល់ និងពេលត្រលប់ទៅវិញ។


ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក៏នឹងពិនិត្យលើការជំរុញការចាក់វ៉ាក់សាំងដូសទី៣ ជូនក្រុមការងារ បុគ្គលិកដែលចូលរួមរៀបចំការងារក្នុងព្រឹត្តិការណ៍ ATF តាមបណ្ដាគោលដៅរៀបចំកម្មវិធីនៅក្នុងសណ្ឋាគារឆ្នេរសុខាផងដែរ។ 


ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រតិភូទាំងអស់ និងបានណែនាំដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធរៀបចំកម្លាំងតាមគោលដៅសំដៅធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រតិភូទាំងអស់។ លើសពីនេះរដ្ឋបាលខេត្តព្រះសីហនុនឹងជួយគាំទ្រជ្រោមជ្រែងដល់ការរៀបចំព្រឹត្តិការណ៍នេះប្រកបដោយការទទួលខុសត្រូវ។


បន្ទាប់ពីកិច្ចប្រជុំត្រួតពិនិត្យការងារ រួចរាល់ក្រុមកាងារ ក៏បានចុះត្រួតពិនិត្យនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណសណ្ឋាគារសុខា។


គួរបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នាខែមករា ឆ្នាំ២០២២ខាងមុខនេះនៅខេត្តព្រះ សីហនុ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសចំនួន ៩ កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូណេស៉ី ព្រុយណេ និងហ្វីលីពីន ចំណែកប្រទេសវៀតណាម គឺចូលរួមដោយអនុរដ្ឋមន្ត្រីទេសចរណ៍ ក្នុងនាមតំណាងរដ្ឋមន្ត្រីទេសចរណ៍របស់ខ្លួន៕






 

No comments:

Post a Comment

Pages