តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ ព្រមទាំង ពុទ្ធបរិស័ទ្ធ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំ ១៥ តុលា ២០១២ - ១៥ តុលា ២០២១ ដែលព្រះអង្គបានយាងសោយទីវង្គត ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តលឹមពូលសាមគ្យារាម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា តំណាងឱ្យមន្រ្តីរាជការ និងពលរដ្ឋទូទាំងខេត្ត បានសម្ដែងសេចក្ដីអាលះអាល័យ ជាពន់ពេកចំពោះការបាត់បង់ អង្គព្រះមហាវីរៈក្សត្រ នៃប្រជានុរាស្រ្ត បើទោះបីជាព្រះអង្គបានសោយទីវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំង ប្រទេសនៅចងចាំចំពោះ ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ។ ប្រជារាស្រ្តទូទាំងប្រទេសចងចាំគ្មានថ្ងៃបំភ្លេចបានចំពោះស្នាព្រះហស្ថ ព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពី បារាំងនៅ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជាងើបមុខមាត់រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។
ទូលព្រះបង្គំ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាចំពោះជាតិ ទន្ទឹមនឹងនេះ ទូលព្រះបង្គំប្តេជ្ញាបន្តដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះអង្គដើម្បីផ្តល់សុខសន្តិភាពជូនប្រជារាស្រ្តខ្មែរ និងថែរក្សាការពារ ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដើម្បីព្រះអង្គទាំងទ្វេគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រទេសជាតិទាំងមូល។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមបានយាង ទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៌៕
No comments:
Post a Comment