នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ធ្វើជាសហប្រធានជាមួយប្រទេសញូហ្សេលែន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ SOMTC+New Zealand លើកទី៩ ដែលក្រុមការងារ SOMTC-កម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ដោយមានការចូលរួមពីអនុប្រធាន សមាជិក នៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីបង្គោលទទួលផែនការងារពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំ SOMTC+New Zealand លើកទី៩ គឺផ្នែកមួយនៃកិច្ចប្រជុំ SOMTC លើកទី២១ ដែលផ្តល់វេទិកាដល់រដ្ឋសមាជិកអាស៊ាន ធ្វើការពិភាក្សាពិគ្រោះយោបល់ជាមួយប្រទេសដៃគូសន្ទនា លើវិស័យនានានៃការងារឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន។
នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសញូហ្សេលែនដែលជាដៃគូសន្ទនា រួមគ្នាពិភាក្សាលើគំនិតផ្តួចផ្តើម និងលទ្ធភាពបង្កើតផែនការយុទ្ធសាស្ត្រសហប្រតិបត្តិការឆ្នាំ២០២១-២០២៥ ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់៕
No comments:
Post a Comment