ពិធីសម្ពោធអាគារសាលាបឋមសិក្សាព្រែកព្រលូង១ខ្នងមាន៤បន្ទប់ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ - BNP

Breaking

Tuesday, February 4, 2020

ពិធីសម្ពោធអាគារសាលាបឋមសិក្សាព្រែកព្រលូង១ខ្នងមាន៤បន្ទប់ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ខេត្តក្រចេះ៖ នាថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារសាលាបឋមសិក្សាព្រែកព្រលូងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ លោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តក្រចេះ សប្បុរសជន និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

លោក ហង់ ចាន់ឌី អភិបាលស្រុកបានឲ្យដឹងថា សាលាបឋមសិក្សាព្រែកព្រលូង បានកសាងឡើងនៅអំឡុងឆ្នាំ១៩៨០ ដើម្បីឲ្យសិស្សានុសិស្ស តូចៗជំនាន់នោះបានសិក្សារៀនសូត្រនៅក្បែរផ្ទះ ដោយការយករោងបាយសេសសល់ពីរបប ប៉ុល ពត មកធ្វើជាសាលារៀន ។

លុះនៅឆ្នាំ២០១៩ សាលារៀនមានសភាពចាស់ទ្រុឌទ្រោម គណៈកម្មការ អាចារ្យ   និងព្រះគ្រូចៅអធិការវត្ត រួមជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ បានស្នើសុំអាជ្ញាធរ ខេត្ត ស្រុក និងសប្បុរសជនជិតឆ្ងាយបានរួមបច្ច័យធ្វើការសាងសង់បានអគារថ្ម១ខ្នង មាន៤បន្ទប់ ទំហំ (៩ម x៣០ម) ដែលចំណាយថវិកាចំនួន២០៥,៦៦៧,២០០រៀល និងប្រាក់ដុល្លារ ១៧,២៥០ ហើយសាងសង់រួចជាស្ថាពរនិងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ។

នៅក្នុងឱកាសនោះឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាងមានប្រសាសន៍ថា សាលារៀនគឺជាមូលដ្ឋានគ្រឹះតែមួយគត់ នៃការអភិវឌ្ឍសង្គមជាតិ គ្មាននណាម្នាក់អាចរីកចំរើនទៅបានដោយគ្មានការរៀនសូត្រនោះទេ ដូច្នេះចំណេះដឹងគឺសម្រាប់ធ្វើការអភិវឌ្ឍដល់ខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិទាំងមូលផងដែរ ។

តាមរយៈនេះឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស មិនត្រូវពឹងផ្អែក ទៅលើសាលារៀន លោកគ្រូ អ្នកគ្រូ តែមួយមុខនោះទេ តែត្រូវមានកាតព្វកិច្ចសំខាន់ និងចាំបាច់ក្នុងការជួយ និងផ្ដល់ឱកាសដល់កូនចៅរបស់ខ្លួនបានទៅសិក្សារៀនសូត្រឲ្យបានពេញលេញ ។

ឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស មានតួនាទី ជាអ្នកកំណត់វាសនារបស់កូនចៅខ្លួនឯង និងមានការអភិវឌ្ឍ គ្រប់យ៉ាង ត្រូវផ្ដើមចេញមកពី កត្តា៤យ៉ាង គឺ ៖
ទី ១. ត្រូវមាន សុខភាព ល្អ
ទី ២. ត្រូវមាន ចំណេះដឹង 
ទី ៣. មាន បញ្ញា
ទី ៤. ត្រូវមានសីលធម៌ល្អ ។

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា នេះគឺជាវប្បធម៌នៃការចែករំលែកដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើក ហើយថាការកសាង គឺបញ្ចប់នោះទេ ។ ការកសាង អគារសិក្សានេះឡើងដើម្បីឲ្យកូនចៅប្រជាពលរដ្ឋជាច្រើន ជំនាន់នៅក្នុងតំបន់ទទួលបានការសិក្សារៀនសូត្រដូចពាក្យស្លោកថា៖ « ការអប់រំ សម្រាប់ យើងទាំងអស់គ្នា ទាំងអស់គ្នា សម្រាប់ ការអប់រំ » ។

ពេលនេះយើងទទួលបាន អគារសិក្សាថ្មីហើយដូច្នេះត្រូវចូលរួមថែរក្សាសាលាឲ្យបានល្អ និងចូលរួមអនាម័យដើម្បីប្រើប្រាស់បានយូរអង្វែង ។ ក្មួយៗ សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឲ្យពូកែប្រកបដោយធនធានមនុស្ស ជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិនាពេលអនាគត ៕





No comments:

Post a Comment

Pages