ពិធីប្រកាសសេចក្ដីសម្រេចស្ដីពីការតែងតាំងគណៈកិត្តិយសអនុសាខា និងប្រកាសសេចក្ដីសម្រេចស្ដីពីការទទួលស្គាស់សមាសភាពគណៈកម្មាធិការអនុសាខា ទាំង១២ក្រុង-ស្រុក - BNP

Breaking

Tuesday, February 4, 2020

ពិធីប្រកាសសេចក្ដីសម្រេចស្ដីពីការតែងតាំងគណៈកិត្តិយសអនុសាខា និងប្រកាសសេចក្ដីសម្រេចស្ដីពីការទទួលស្គាស់សមាសភាពគណៈកម្មាធិការអនុសាខា ទាំង១២ក្រុង-ស្រុក

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រុវនឹងថ្ងៃទី ៤ខែកុម្ភៈ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីប្រកាសសេចក្ដីសម្រេចស្ដីពីការតែងតាំងគណៈកិត្តិយសអនុសាខា និងប្រកាសសេចក្ដីសម្រេចស្ដីពីការទទួលស្គាស់សមាសភាពគណៈកម្មាធិការអនុសាខា ទាំង១២ក្រុង-ស្រុក ក្រោមគណៈអធិបតីភាព ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ មន្ត្រីប្រចាំការអនុសាខា សរុបជា២០០អង្គ/នាក់ នៅសណ្ឋាគារ សោម៉ាទេវី អង្គរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា បានលើកឡើងថា ជាការពិតណាស់ដែលថា កាកបាទក្រហមកម្ពុជា ជាសមាគមជាតិបំពេញការងារមនុស្សធម៌ដែលជាប្រចាំត្រូវបើកចំហ និងទូលាយទទួលនូវការឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ជួយជនរងគ្រោះ ក្នុងនោះថវិកាក៏ជាកត្តាសំខាន់ដើម្បីបំពេញការងារមនុស្សធម៌បានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា សម្រាប់សេចក្តីត្រូវការចាំបាច់របស់គ្រួសាររងគ្រោះមហន្តរាយគ្រប់ប្រភេទ។ ដែលតាមរយៈនេះ សូមឱ្យគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ ត្រូវបន្តយកចិត្តទុកដាក់សហការគ្នា ពិភាក្សារកវិធីសាស្ត្រផ្សេងៗថ្មីៗ ដើម្បីស្វែងរកសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងភូមិសាស្រ្តរបស់ខ្លួន ក្នុងនោះពីបណ្ដាព្រឹត្តិការណ៍ ឬបុណ្យទាន និងពីសំណាក់វត្តអារាមនានា ដែលព្រះអង្គមានលទ្ធភាពប្រទានទេយ្យទានសម្រាប់ជនរងគ្រោះតាមរយៈអនុសាខា ។ ទន្ទឹមនេះ នៅពេលផ្ដល់អំណោយដល់គ្រួសាររងគ្រោះ គប្បីអញ្ជើញសប្បុរសជន និងនិមន្តព្រះសង្ឃចូលរួមក្នុងការងារនេះ ដើម្បីលើកទឹកចិត្តដល់សប្បុរជន ក៏ដូចជាពង្រីកបាននូវសន្ដានចិត្តគាំទ្របន្ថែមទៀតដល់អនុសាខា ធ្វើបានដូច្នេះ អនុសាខានៅតែអាចបន្តបានលទ្ធភាពក្នុងការផ្ដល់អំណោយចាំបាច់ដល់គ្រួសាររងគ្រោះទាំងឡាយ។ យើងទាំងអស់គ្នាបានដឹងហើយថា ការផ្ដល់អំណោយដល់គ្រួសាររងគ្រោះដែលចាំបាច់បន្ទាន់នោះ គឺពិតជាបានចូលរួមកាត់បន្ថយការលំបាករបស់បងប្អូនបានមួយកម្រិត ដែលនេះជាវប្បធម៌នៃការចែករំលែករបស់ប្រជាជាតិខ្មែរយើងតាំងពីដើមរៀងមក។

ក្នុងឱកាស់នេះដែរ ឯឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ក៏បានប្រគល់ជូននូវភារកិច្ចមួយចំនួនជូនដល់ គណៈកិត្តិយស គណៈកម្មាធិការអនុសាខាទាំង១២ក្រុង-ស្រុកផងដែរ រួមមាន៖

១-  ទីស្នាក់ការអនុសាខា ត្រូវចាត់តាំងមន្ត្រីប្រចាំការ២រូបដែលជាជំនួយការជូនគណៈកម្មាធិការអនុសាខា។
២-  រៀបចំការប្រជុំគណៈកិត្តិយស គណៈកម្មាធិកាអនុសាខា ដើម្បីធ្វើការបូកសរុបសកម្មភាពប្រចាំឆ្នាំ និងលើកទិសដៅអភិវឌ្ឍន៍អនុសាខាបន្ត។
៣-  ផ្សព្វផ្សាយចលនាកាកបាទក្រហម លើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ។
៤-  ជំរុញការងារពង្រីកសមាជិកភាព តម្រង់គោលដៅអប្បបរមា១% (មួយភាគរយ) នៃចំនួនប្រជាពលរដ្ឋក្នុងក្រុង-ស្រុក របស់ខ្លួន។
៥-  ខិតខំកៀរគររកមូលនិធិ ពីគ្រប់មជ្ឈដ្ឋានដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតមគ្រោះមហន្តរាយក្នុងភូមសាស្ត្រក្រុង-ស្រុក បានទាន់ពេលវេលា។
៦-  ផ្ដល់ព័ត៌មានចាំបាច់បន្ទាន់ពីហេតុការណ៍ ឧបទ្ទវហេតុនៅភូមសាស្ត្រខ្លួនមកសាខាខេត្ត។
៧-  គ្រប់គ្រងតម្រង់ទិសដៅការងារក្រុមកាកបាទក្រហមកម្ពុជា ឃុំ-សង្កាត់ ។
៨-  គ្រប់គ្រង និងថែរក្សាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាតាមភូមិ។
៩-  ពង្រឹង និងពង្រីកសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា តាមសាលារៀន។
១០-  គ្រប់គ្រង និងអនុវត្តសម្មភាពគម្រោង/កម្មវិធីនានារបស់សាខា ក្នុងភូមិសាស្ត្រ ក្រុង-ស្រុក។
១១-  គ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់អនុសាខាតាមទម្រង់ការហិរញ្ញវត្ថុរបស់កាកបាទក្រហមកម្ពុជា និងធ្វើរបាយការឆ្នាំជូនសាខាខេត្ត។
១២-  ធ្វើរបាយការណ៍សម្មភាពអនុសាខា ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំជូនសាខាតាមកាលកំណត់។

ឯកឧត្តមបន្ថែមថា ទាំងនេះ គឺជាភារកិច្ចសំខាន់ៗដែលអនុសាខាត្រូវយកចិត្តទុកដាក់អនុវត្តដើម្បីឈានទៅអនុវត្តន៍ពាក្យស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ឬ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបាវចនាសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលលើកឡើងថា ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន ។





No comments:

Post a Comment

Pages