លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកថ្មបាំង ខេត្តកោះកុង - BNP

Breaking

Tuesday, February 11, 2020

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកថ្មបាំង ខេត្តកោះកុង

ខេត្តកោះកុង៖ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកថ្មបាំង ខេត្តកោះកុង ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នៅស្រុកថ្មបាំង

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលស្រុក ដែលបានខិតខំវាយតម្លៃ ផ្គូរផ្គង និងរៀបចំសំណុំឯកសារពាក់ព័ន្ធនឹងដំណើរការធ្វើសមាហរណកម្មមន្រ្តីរាជការទាំងនៅតាមរដ្ឋបាលស្រុក និងនៅតាមការិយាល័យជំនាញនានាមកក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកថ្មី។ ទន្ទឹមនេះ ខ្ញុំក៏សូមចូលរួមអបអរសាទរចំពោះលោកស្រី អស់លោក ដែលបានទទួលមុខតំណែងនានាក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកថ្មបាំង ដូចមាននៅក្នុងសេចក្តីសម្រេចលេខ ០៨៧ សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៨  ខែមករា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប ) ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកថ្មបាំង នៃខេត្តកោះកុង ដែលបានអានអម្បាញ់មិញនេះ។
ការដាក់ឲ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀត គឺ៖
១-ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ  និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការបង្កើតឡើងនូវរដ្ឋបាលឯកភាពនៅថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន។
២-ការផ្លាស់ប្តូរនូវខ្សែគណនេយ្យ និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ ។ ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាខ្សែបណ្តោយនៃក្រសួង ស្ថាប័ននីមួយៗ ជំនួសឱ្យការិយាល័យជំនាញដែលបានរៀបចំនាពេលកន្លងមក។ ហេតុនេះ ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត ដែលត្រូវអនុវត្តសកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌដោយផ្ទាល់ទៅលើវិស័យដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន៕






No comments:

Post a Comment

Pages