គណៈកម្មាធិការអាយស៊ីស៊ី-អង្គរកោតសរសើរចំពោះការជួសជុល រចនាសម្ព័ន្ធសំណង់ស្រះខាងជើងនៃប្រាសាទអង្គរវត្ត - BNP

Breaking

Friday, December 6, 2019

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរកោតសរសើរចំពោះការជួសជុល រចនាសម្ព័ន្ធសំណង់ស្រះខាងជើងនៃប្រាសាទអង្គរវត្ត

សៀមរាប​៖ អ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានវាយតម្លៃថា ការអនុវត្តគម្រោងជួសជុលរចនាសម្ព័ន្ធស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្ត គឺមានការស្រាវជ្រាវបានច្រើនច្បាស់លាស់ រីឯការជួសជុលស្របតាមលក្ខណៈបច្ចេកទេស មិនធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធសំណង់បុរាណផង។

ការវាយតម្លៃ បែបនេះធ្វើឡើងក្នុងពេលដែលក្រុមអ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះតាមដានការ អនុវត្តគម្រោងជួសជុលរចនាសម្ព័ន្ធស្រះទឹកខាងជើងនៃប្រាសាទអង្គរនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩  ។

ប្រធានគម្រោងជួសជុលនៃការដ្ឋានស្រះទឹកខាងជើង លោក ស្រ៊ុន តិច មានប្រសាសន៍ថា វាគឺជាមោទនភាពណាស់សម្រាប់អ្នកជំនាញខ្មែរ ដែលបានអនុវត្តន៍ការជួសជុល ស្រាវជ្រាវ ពង្រឹង រចនាសម្ព័ន្ធសំណង់ស្រះទឹកបានល្អប្រសើរ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអន្តរជាតិ រួមទាំងស្របតាមបច្ចេកទេសដើម្បីយល់ពីរចនាសម្ព័ន្ធស្រះ  បញ្ចៀសការបាត់បង់តម្លៃស្រះបុរាណ និងរចនាសម្ព័ន្ធស្ថាបត្យកម្មស្រះថែមទៀតនោះ។

អ្នកជំនាញការអន្តរជាតិក៏បានសំណូមពរឱ្យអាជ្ញាធរជាតិអប្សរាជំរុញការយកចិត្តទុកដាក់ស្រាវជ្រាវប្រវត្តិស្រះ រួមទាំងពង្រីកការដ្ឋានជួសជុល និងការបិទមិនឱ្យទេសចរចូល ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារស្រាវជ្រាវ និងជួសជុលបានងាយស្រួល។

លោក ស្រ៊ុន តិច ឱ្យដឹងទៀតថា គម្រោងជួសជុលស្រះខាងជើងរបស់អង្គរវត្ត ដែលបានចាប់ផ្ដើម អនុវត្តសាកល្បងលើប្រវែង១៥ម៉ែត្រ និងចាប់ផ្តើមសិក្សា កំណាយស្រាវជ្រាវតាំង ពីខែមិនា ឆ្នាំ២០១៩ មកដល់ពេលនេះ បានបញ្ចប់ទាំងស្រុងហើយ ដោយក្នុងនោះមានទាំងការរៀបចំលម្អមាត់ស្រះដោយដាំស្មៅផង។

ក្រុមអ្នកជំនាញឱ្យដឹងថា តាមគម្រោងទៅអនាគត ស្រះខាងជើងរបស់អង្គរវត្ត នឹងត្រូវជួសជុលទាំងស្រុងឡើងវិញ ដើម្បីទប់ស្កាត់ការខូចខាតនៃការហូរចូលអាចមន៍ដីមកកប់លើរចនាសម្ព័ន្ធស្រះ។ ស្រះខាងជើងនេះ កាលពីបុរាណគឺមាននាទីសំខាន់សម្រាប់បម្រើប្រយោជន៍ដល់ទេព រីឯបច្ចុប្បន្នគឺជាកន្លែងដែលមានទេសភាពស្អាត សម្រាប់ភ្ញៀវទេសចរផ្តិតយករូបកំពូលប្រាសាទអង្គរវត្តដែលចាំងឆ្លុះក្នុងផ្ទៃទឹក៕





No comments:

Post a Comment

Pages