ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នើដល់មន្ត្រីសុខាភិបាល ត្រូវសាមគ្គីភាពគ្នាឲ្យបានល្អ ពង្រឹងស្មារតីទទួលខុសត្រូវឲ្យបានច្បាស់លាស់ ក្នុងការអនុវត្តភារកិច្ចរៀងៗខ្លួន ឲ្យបានល្អប្រសើរ ត្រូវជៀសវាងធ្វើយ៉ាងណាកុំឲ្យមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព បិទទ្វារ គ្មានពេទ្យប្រចាំការ ក្នុងនោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកគាំទ្រ ផ្សព្វផ្សាយ បំផុសឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់សេវាសុខភាពនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ពិសេសគឺត្រូវចូលរួមប្រើប្រាស់សេវាសុខភាព ឲ្យបានគ្រប់ៗគ្នា ដោយមិនមានការរើសអើងបក្សពួក ឬពូជសាសន៍ឡេីយ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារផ្នែកសម្ភព-សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្រុកស្ទឹងត្រង់ ដែលបានកសាងឡើង ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការ NANUM INTERNATIONAL នៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីករសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះវិស័យសុខាភិបាលក៏ត្រូវបានរីកចម្រើនឥតឈប់ឈរ ការកសាងអាគារនានា គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីកគុណភាពសេវា រួមទាំងការផ្តល់ប្រាក់លើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ដោយឡែកការងារគាំពារសង្គម ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនជាស្ត្រីកម្មករ និយោជិត និងកុមារនៅទូទាំងប្រទេស ដើម្បីឲ្យកិច្ចដំណើរការផ្តល់សេវាមាននិរន្តភាព និងឲ្យកាន់តែល្អប្រសើរឡើងផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីករសួងសុខាភិបាល បានថ្លែងថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីបម្រេីសុខភាពជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមផងដែរ។ នេះក៏ជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែលបានសម្រេចឡើងក្នុងខេត្តកំពង់ចាម។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងនាមក្រសួងសុខាភិបាល និងប្រជាជនក្នុងខេត្តកំពង់ចាមទាំងមូល សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ NANUM INTERNATIONAL ដែលបានផ្តល់អំណោយអគារផ្នែកសម្ភព-សង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ដើម្បីលើកកម្ពស់ការពិនិត្យ និងព្យាបាល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឈានទៅកាត់បន្ថយអត្រាមរណភាពរបស់ប្រជាពលរដ្ឋពិសេសចំពោះស្ត្រី និងកុមារ ផងដែរ ៕
Saturday, December 7, 2019
Home
ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ស្នើដល់មន្ត្រីសុខាភិបាល ត្រូវជៀសវាងធ្វើយ៉ាងណាកុំឲ្យមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព បិទទ្វារ គ្មានពេទ្យប្រចាំការ
អភិបាលខេត្តកំពង់ចាម ស្នើដល់មន្ត្រីសុខាភិបាល ត្រូវជៀសវាងធ្វើយ៉ាងណាកុំឲ្យមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព បិទទ្វារ គ្មានពេទ្យប្រចាំការ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment