នាព្រឹកថ្ងៃសៅរ៏ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ដែលជាឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដែលព្រះអង្គបានយាងសោយទីវង្គតកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ សម្តេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃទាំងអស់ បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងបានថ្វាយបង្គំសុំព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខជាមួយ អង្គសម្តេចម៉ែ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងញាតិវង្សានុវង្ស ចំពោះការបាត់បង់សម្តេចរាជបុត្រី នាពេលនេះ។
ការសោយទីវង្គតរបស់សម្តេចរាជបុត្រីព្រះរៀមនេះ គឺជាការបាត់បង់នូវឥស្សរជនខ្មែរ ដ៏ឆ្នើមមួយព្រះអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពល ពេញមួយព្រះជន្មរបស់សម្តេច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ តាមរយៈស្នាព្រះហត្ថក្នុងការការពារ ថែរក្សា និងអភិវឌ្ឍន៍ សិល្បៈ វប្បធម៌ ប្រពៃណីជាតិ ពិសេសកេរ្តិ៍ដំណែលវប្បធម៌ របាំអប្សរាខ្មែរ មានតម្លៃជាប្រវត្តិសាស្ត្រ ដែលត្រូវបានអង្គការយូណេស្កូ(UNISCO)ទទួលស្គាល់ និងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ថា ព្រះបរមសពរបស់ សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងត្រូវរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង នៅលើសួនច្បារ ខាងមុខវត្តបទុមវតី គឺនៅថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕
Saturday, November 23, 2019
Home
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment