ឯកឧត្ដម វ៉ា ថន អភិបាលខេត្កក្រចេះ អញ្ជើញចូលរួមកិច្ចប្រជុំ និងចុះពិនិត្យសិក្សាពីផលប៉ះពាល់ខូចខាតដោយសារគ្រោះទឹកជំនន់ - BNP

Breaking

Wednesday, October 2, 2019

ឯកឧត្ដម វ៉ា ថន អភិបាលខេត្កក្រចេះ អញ្ជើញចូលរួមកិច្ចប្រជុំ និងចុះពិនិត្យសិក្សាពីផលប៉ះពាល់ខូចខាតដោយសារគ្រោះទឹកជំនន់

ខេត្តក្រចេះ៖ នាថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩  ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម និងក្រសួងធនធានទឹក ជាមួយឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីសិក្សាពីតម្រូវការក្នុងការស្តាឡើងវិញតាមវិស័យនិមួយៗ ជាពិសេសគឺវិស័យកសិកម្មអាចផ្តល់ពូជស្រូវ ពូជដំណាំ និងមធ្យោបាយគាំទ្រផ្សេងៗដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងការដាំដុះឡើងវិញ នៅពេលដែលទឹកកំពុងតែស្រកចុះវិញនេះ។
និងបន្ទាប់មកឯកឧត្តមបានចុះពិនិត្យជាក់ស្តែងដល់មូលដ្ឋាន និងបានបន្តសិក្សាស្វែងយល់ពីផលប៉ះពាល់ និងដើម្បីជួបពិភាក្សាជាក់ស្តែងជាមួយប្រជាពលរដ្ឋមូលដ្ឋាន ពីតម្រូវការជាក់ស្តែងក្រោយពីទឹកជំនន់ ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន បានសម្រេចជាបន្ទាន់ផ្តល់ ស្រូវពូជសម្រាប់ប្រជាពលរដ្ឋធ្វើការស្តាឡើងវិញឱ្យទាន់ពេលវេលា ដែលស្រូវពូជទាំងនេះគឺជាប្រព័ន្ធស្បៀង បម្រុង កម្ពុជា។ ទន្ទឹមនេះចំពោះតំបន់ភូមិសាស្ត្រដែល មិនអាចដាំដុះស្រូវទាន់ពេលវេលាបានគឺត្រូវសិក្សាលទ្ធភាពជាក់ស្តែង ក្នុងការដាំដុះដំណាំរួមផ្សំផ្សេងៗ ជំនួសវិញដែលការគាំទ្រការស្តាឡើងវិញក្នុងវិស័យកសិកម្ម នេះគឺត្រូវធ្វើឡើងក្នុងកម្រិតយុទ្ធសាស្ត្រ បំផុតដោយត្រូវផ្តល់ជាកញ្ចប់ដែលមាន ពូជ ទឹក បច្ចេកទេសនិងផ្នែកខ្លះត្រូវមានប្រេងផងដែរ។

ជាកិច្ចបញ្ចប់ឯកឧត្តមនាយឧត្តមសេនីយ៍បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តរសហការជាពិសេសគឺក្រសួងកសិកម្ម និងក្រសួងធនធានទឹកដើម្បីជួយដល់ ប្រជាពលរដ្ឋក្នុងការងារស្តាឡើងវិញ នេះឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធិភាព ពីព្រោះនេះគឺជាផ្នែកសំខាន់មួយ នៃវិស័យគ្រប់គ្រងគ្រោះមហន្តរាយ៕






No comments:

Post a Comment

Pages