មហាសន្និបាតអាណត្តិទី៣របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានស្តីពីសមិទ្ឋផលនិងលើកកម្ពស់សមត្ថភាព តួនាទីក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ - BNP

Breaking

Thursday, September 19, 2019

មហាសន្និបាតអាណត្តិទី៣របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានស្តីពីសមិទ្ឋផលនិងលើកកម្ពស់សមត្ថភាព តួនាទីក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំ អគារសាលាខេត្ត មានរៀបចំមហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៅស្វាយរៀង ដើម្បីកែសម្រួល និងអនុម័តលក្ខន្តិកៈ ព្រមទាំងបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានសមាគមសម្រាប់អាណត្តិទី៣ ដែលកម្មវិធីបើកប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកស្រី ស៊ី តូន អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងកម្មវិធីបិទប្រព្រឹត្តទៅក្រោមអធិបតីភាពលោក រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។

មហាសន្និបាតនេះប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានា ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅទូទៅខេត្ត និងអង្គការដៃគូពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងឱកាសបើកមហាសន្និបាត លោក  ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ស៊ី តូន អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានលើកឡើងថាការរៀបចំបើកមហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តស្វាយរៀង គឺជាឱកាសដែលសមាគមក្រុមប្រឹក្សា បានបង្ហាញនូវសមិទ្ធផលដែលសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ បន្ទាប់ពីបង្កើតឡើងអស់រយៈពេលជាង  ៥ឆ្នាំ កន្លងមក ។

ជាមួយនេះគណៈអធិបតី ក៏បានណែនាំដល់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ស្តាប់ និងចូលរួមពិភាក្សាអនុម័តលក្ខន្តិកៈ ក្នុងគោលបំណងបង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពីតួនាទី ភារកិច្ច និងដំណើរការរបស់សមាគម ក្នុងការការពារផលប្រយោជន៍របស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៅក្នុងខេត្តស្វាយរៀង ។

ដោយឡែកនៅក្នុងឱកាសបិទមហាសន្និបាត ជំនួសមុខឲ្យលោកអភិបាលខេត្ត លោក រស់ ផារិទ្ធ អភិបាលរងខេត្ត  បានថ្លែងនូវការកោតសរសើរចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក របស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំងខេត្តស្វាយរៀង ដែលសមិទ្ធផលទាំងអស់នោះបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយលើកកម្ពស់ឋានៈ និងសមត្ថភាពក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ដែលជាសមាជិក។

ជាពិសេសក្នុងការការពារផលប្រយោជន៍របស់សមាគម ដែលជាផ្នែកមួយដ៏សំខាន់គាំទ្រដល់ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ទន្ទឹមនេះ ក្នុងនាមលោកអភិបាលខេត្ត លោកក៏បានជំរុញដល់សមាគមមូលដ្ឋាន និងក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ពង្រឹងស្ថាប័នឲ្យកាន់តែរឹងមាំ និងឲ្យក្លាយជាអ្នកផ្តល់សេវាប្រកបដោយប្រជាធិបតេយ្យនៅក្នុងមូលដ្ឋានពិតប្រាកដ ត្រូវពង្រឹងចីរភាពហិរញ្ញវត្ថុ ត្រូវពង្រឹងការកសាងសមត្ថភាពក្រុមប្រឹក្សា ដើម្បីធ្វើយ៉ាងណាឲ្យការបម្រើសេវាសាធារណៈប្រកបដោយគុណភាព ៕






No comments:

Post a Comment

Pages